ការវិនិយោគលើអចលនវត្ថុមិនមែនមានក្បួនត្រៀមទុកគ្រប់ពេលទេ ហើយផ្លូវទៅ រកភាពរីកចម្រើនក៏មិនត្រង់ភ្លឹងដូចការគិតដែរ។ ទោះជាយ៉ាងណាមានកិច្ចការមួយចំនួន ដែលយើងអាចធ្វើបានដើម្បីបង្កើនឱកាសជោគជ័យ គឺស្តាប់តាមការណែនាំរបស់ វិនិយោគិនជោគជ័យនិងក្រុមអ្នកជំនាញក្នុងវិស័យ។
ទោះបីអ្នកជាមនុស្សថ្មីនៅក្នុងការវិនិយោគអចលនវត្ថុ ឬក៏មានបទពិសោធន៍ច្រើនឆ្នាំ មកហើយក្ដីក៏គន្លឹះទាំង៥នេះអាចនឹងជួយអ្នកឲ្យទទួលបានផលខ្ពស់៖
១/ ពង្រីកជម្រើសវិនិយោគ
មានដំបូន្មានថា អ្នកគួរតែវិនិយោគនៅក្នុងតំបន់ដែលអ្នកស្គាល់ច្បាស់ ប៉ុន្តការធ្វើបែបនេះ មានន័យថាអ្នកកំពុងតែកំណត់ព្រំដែនសក្តានុពលនៃផលចំណេញរបស់ខ្លួនឯង។ ការពិចារណាវិនិយោគនៅក្នុងកន្លែងដែលឆ្ងាយពីតំបន់របស់អ្នកជាឱកាសពង្រីកសក្តានុពល និងជាមធ្យោបាយការពារអាជីវកម្មរបស់អ្នកពីការឡើងចុះនៃទីផ្សារក្នុងតំបន់។
២/ ស្រាវជ្រាវខ្លួនឯងខ្លះមុននឹងស្តាប់អ្នកជំនាញ
នៅក្នុងករណីជាច្រើនអ្នកផ្តល់ប្រឹក្សាអាជីពនិងគួរឱ្យទុកចិត្តរបស់អ្នក ដូចជាអ្នកគ្រប់គ្រង អ្នកជំនាញខាងពន្ធ និងសន្ធានការីជាដើម ប្រហែលផ្តល់ប្រឹក្សាឱ្យអ្នកតែតាមមេរៀន ដែលគេធ្លាប់ជួបប្រទះ ឬមានស្រាប់នៅក្នុងក្បួនតែប៉ុណ្ណោះ។
អ្នកធ្វើការអាស្រ័យទៅតាមស្ថានភាពនិងកាលៈទេសៈជាក់ស្តែង។ អ្នកស្តាប់គេពន្យល់ បកស្រាយដើម្បីស្វែងរកហេតុផលមែន ប៉ុន្តែអ្នកត្រូវសម្រេចចិត្តទៅតាមឱកាស ដែលអ្នកមើលឃើញជាក់ស្តែង។
៣/ ប្រើប្រាស់អ្នកជំនាញក្នុងផ្នែកនីមួយៗ
នៅពេលអ្នកចាប់ផ្តើមវិនិយោគក្នុងវិស័យអចលនវត្ថុ គន្លឹះសំខាន់គឺត្រូវប្រើប្រាស់ អ្នកជំនាញក្នុងផ្នែកនីមួយៗនៃគម្រោងដើម្បីកាត់បន្ថយពេលធ្វើការនិងធានាបាន ជោគជ័យ។ គ្មានប្រយោជន៍អ្វីដែលអ្នកត្រូវបង្កើតក្បួនថ្មីទាំងស្រុង ឬប្រឹងប្រែងរែកពុន ការងារនិងបន្ទុកទាំងអស់តែម្នាក់ឯងនោះទេ។ តាមរយៈការប្រើមនុស្សទៅតាមជំនាញ អ្នកបង្កើតកំហុសកាន់តែតិច និងទទួលបានផលចំណេញកាន់តែច្រើនក្នុង ពេលយូរអង្វែង។
៤/ ស្គាល់ទីផ្សាររបស់អ្នកឱ្យបានច្បាស់
នៅពេលវិនិយោគក្នុងអចលនវត្ថុ រឿងសំខាន់គឺត្រូវរៀននិងក្លាយជាអ្នកជំនាញ ក្នុងទីផ្សារដែលអ្នកជ្រើសរើស។ ការទទួលបានដំណឹងគ្រប់ជ្រុងជ្រោយអំពីចរន្តបច្ចុប្បន្ន ដែលរួមទាំងអត្រាជួល កម្រិតប្រាក់ចំណូល អត្រាការប្រាក់ និងសូម្បីតែអត្រាគ្មាន ការងារធ្វើនឹងជួយអ្នកឱ្យមើលឃើញស្ថានភាពទីផ្សារច្បាស់ហើយអាចរៀបចំផែនការ អនាគតបានយ៉ាងប្រសើរ។ ការមានសមត្ថភាពព្យាករទុកមុន និងការដើរមួយជំហាន បានមុនទីផ្សារអាចជួយអ្នកឱ្យក្លាយជាវិនិយោគិនកាន់តែមានប្រសិទ្ធភាព។
៥/ ចាត់ទុកការវិនិយោគដូចជាពាណិជ្ជកម្មមួយ
ការវិនិយោគអចលនវត្ថុជាពាណិជ្ជកម្មមួយ ហើយដូចពាណិជ្ជកម្មដទៃទៀតដែរ ការវិនិយោគរបស់អ្នកតម្រូវឱ្យមានការរៀបចំផែនការច្បាស់លាស់ ការអនុវត្តទៀងទាត់ និងការគ្រប់គ្រងហ្មត់ចត់។ ពាណិជ្ជកម្មដែលជោគជ័យបំផុតគ្រប់គ្រងដោយមនុស្ស ដែលមានគុណភាពនិងជំនាញខ្ពស់នៅគ្រប់កម្រិត។
មនុស្សដែលព្រងើយកន្តើយនឹងការពិតត្រឹមតែមួយអាចនឹងជួបបញ្ហាដែលនាំទៅរក បរាជ័យ។ ទោះជាអ្នកចង់ពង្រីកការវិនិយោគរបស់អ្នកក្នុងទ្រង់ទ្រាយតូចឬធំ ប៉ុនណាក៏ដោយ បើអ្នកចង់បានជោគជ័យអ្នកត្រូវតែគ្រប់គ្រងឱ្យដូចពាណិជ្ជកម្ម៕
ប្រែសម្រួល៖ វេហា