បំនិនអាជីវកម្ម | March 06, 2023

មនុស្សជោគជ័យមួយចំនួនមិនលើកទឹកចិត្តឲ្យយើងលាឈប់ពីការងារទៅបើកអាជីវកម្មទេ

សហគ្រិនភាព​កំពុង​តែ​មាន​ការ​ពេញ​និយម​ខ្លាំង​ដោយ​សារ​មនុស្ស​កាន់​តែ​ច្រើន កំពុង​តែ​ស្វែងរក​ការ​ចាប់​ផ្តើមធ្វើ​ពាណិជ្ជកម្ម​ផ្ទាល់​ខ្លួន។ មនុស្ស​ទាំង​នេះមើលឃើញ​សហគ្រិន​ភាពជា​មធ្យោបាយ​ទទួល​បានសេរីភាព​វិជ្ជាជីវៈគឺការមាន​សមត្ថភាពដើម្បី​ជ្រើស​រើស​ និង​​កំណត់ប្រាក់​ខែ​ផ្ទាល់​ខ្លួនធ្វើការ​តាម​គម្រោង​ដែល​ខ្លួន​ឯង​ស្រឡាញ់ និងគ្រប់​គ្រង​ពាណិជ្ជកម្ម​តាម​របៀប​ផ្ទាល់​ខ្លួន។ ទោះជា​យ៉ាង​ណាសហគ្រិន​ភាព​​មាន​លក្ខណៈ​ពិសេសលើស​ពីការ​ត្រឹម​តែ​មាន​លុយ​ច្រើននិង​ពេល​វេលា​ផ្ទាល់​ខ្លួន​ទៅ​ទៀត។

 

សហគ្រិន​ជោគជ័យ​សព្វថ្ងៃនេះ​ជឿថា មនុស្សមិន​គួរលា​ឈប់​ពី​ការងារ​ប្រចាំ​ថ្ងៃ​ទៅ​ចាប់​ផ្តើម​បង្កើត​ពាណិជ្ជ​កម្ម​ផ្ទាល់​ខ្លួន​ទេ។ ជាក់​ស្តែង​អ្នកនិពន្ធ​ល្បី​ឈ្មោះ និង​សហគ្រិន​ជើង​ចាស់ Daniel DiPiazza មិនចង់​លើក​ទឹក​ចិត្ត​មនុស្សដែល​លោក​ជួប​ឱ្យលា​ឈប់​ពីការងារ​ដើម្បី​ទៅ​បង្កើត​ពាណិជ្ជកម្ម​ផ្ទាល់​ខ្លួន​ទេ។ ខាងក្រោម​នេះ​ជា​ហេតុ​ផល​ខ្លះនិង​របៀប​ថ្លឹង​ថ្លែង​ថា​ អ្នក​គួរ​តែ​ជ្រើស​រើសសហគ្រិន​ភាព​ឬយ៉ាង​ណា​៖

 

 

១/ តើសហគ្រិនភាពត្រូវនឹង​​ចរិត​លក្ខណៈ​របស់​​អ្នក​ឬទេ?

ការថ្លឹងថ្លែងរកមើលថា សហគ្រិន​ភាព​ជាផ្លូវ​ត្រូវ​ឬមិន​ត្រូវ​សម្រាប់​លោក​អ្នក​អាច​ជា​ការ​លំបាក។ ពិត​ណាស់​ថា​សហគ្រិន​ភាពមាន​លក្ខខណ្ឌល្អច្រើន ប៉ុន្តែ​អ្នក​ក៏គួរ​តែ​កត់​សម្គាល់​ដែរ​ថា ការ​ក្លាយ​ទៅ​ជា​ចៅ​ហ្វាយ​នាយ​របស់​ខ្លួន​ឯង​មិន​មែន​មាន​ន័យ​ថា ​អ្នក​អាច​អង្គុយ​នៅ​ស្ងៀមមិន​ចាំ​បាច់​ធ្វើ​កិច្ចការ​អ្វី​ទាំង​អស់​នោះ​ទេ។ ការពិតផ្ទុយ​ស្រឡះ​ពីការ​គិត​របៀប​នេះ។

 

ក្នុងនាម​ជា​សហគ្រិនអ្នក​នឹងត្រូវ​មើល​និង​រៀបចំកិច្ចការ​គ្រប់​យ៉ាង ជាពិសេស​នៅ​ក្នុង​ដំណាក់​កាលចាប់​ផ្តើម​ដំបូងៗ។ ការពិតខ្លះ​ដែល​​អ្នក​គួរ​​តែ​ដឹង​ ពី​ដំបូងទៅគឺ​៖

-អ្នកនឹងមិនធ្វើការតិចម៉ោងជាងមុនទេ ប៉ុន្តែត្រូវធ្វើការកាន់តែច្រើនម៉ោងថែមទៀត

-ការគ្រប់គ្រងពាណិជ្ជកម្មដោយខ្លួនឯងមានហានីភ័យខ្ពស់ជាងពេលធ្វើការឱ្យគេ

-អ្នកនឹងត្រូវដើរតួច្រើនរាល់ថ្ងៃ

-អ្នកនឹងត្រូវបត់បែន ហើយរៀនជំនាញថ្មីៗយ៉ាងរហ័សដើម្បីសម្រេចគោលដៅ

 

បើអ្នកកំពុង​តែគិត​ចង់​បង្កើត ពាណិជ្ជកម្ម​ផ្ទាល់​ខ្លួន​មែនអ្នក​ត្រូវ​ច្បាស់ថា អ្នក​កំពុងតែ​ធ្វើ​ដើម្បី​ហេតុផល​ត្រឹម​ត្រូវហើយ​សូម​ដឹង​ជា​មុន​ថា ក្នុងករណី​ជា​ច្រើន ការបើក​ពាណិជ្ជ​កម្មថ្មី​មាន​ន័យ​ថា ជា​ប្រតិបត្តិ​ការ​២៤​ម៉ោងក្នុង​មួយ​ថ្ងៃ​និង​៧ថ្ងៃក្នុង​មួយ​សប្តាហ៍។

 

២/ ការជ្រើសរើសពេលវេលាត្រូវ​សម្រាប់​លា​ឈប់​ពី​ការងារ

បើអ្នកបានគិត​ច្បាស់លាស់និងសម្រេច​ចិត្តថា ចង់​ធ្វើតាម​សុបិន​នៃ​ការ​បង្កើត​ពាណិជ្ជ​កម្ម​មួយដោយ​ខ្លួន​​ឯង​​មែន ​អ្នក​ត្រូវស្វែង​រក​ពេល​វេលា ត្រឹម​ត្រូវ​ដើម្បីលា​ឈប់​ពី​ការងារ​បច្ចុប្បន្ន។ មនុស្សជាច្រើន​យល់​ថា ដំណាក់​កាល​នេះ​ជា​ពេល​លំបាកសម្រេច​ចិត្តថា​តើ​​គួរ​តែ​ប្រថុយ​ហក់​លោត​ឬយ៉ាង​ណា ឬមួយ​ក៏ត្រូវរង់​ចាំ​ហើយ​បន្ត​ធ្វើកិច្ចការ​ទាំង​ពីរក្នុង​ពេល​តែមួយ។

 

មុនពេលសម្រេច​ចិត្តហក់​លោត អ្នក​ត្រូវ​បង្កើត​ប្រាក់​ចំណូល​ច្បាស់​លាស់​ពី​ពាណិជ្ជកម្ម​ថ្មី​នោះ​សិន។ អ្នក​ជំនាញ​ផ្តល់​ដំបូន្មាន​មថា​ បើ​​អ្នក​រក​ចំណូល​ពី​ពាណិជ្ជកម្មបាន​៦០ទៅ​៧០​ភាគ​រយ​លើស​ប្រាក់​ខែ អ្នក​អាច​ពិចារ​ណា​រឿង​លា​ឈប់ពីការ​ងារ​ទៅ​ផ្តោត​ចិត្ត និង​ពេល​វេលា​ទាំង​អស់ លើ​ពាណិជ្ជកម្ម​ថ្មី​នោះ​បាន។

 

ផ្ទុយ​ទៅវិញ ការហក់​លោត​ដោយ​សារ​តែជំនឿ​ចិត្ត​ខ្វះ​ភស្តុតាង​ជាក់​ស្តែង​បញ្ជាក់​ថា អ្នក​អាច​រក​ប្រាក់​ចំណូលដើម្បីទ្រ​ទ្រង់​ពាណិជ្ជកម្ម​ថ្មី​នោះ​បាន វាជា​ការ​ប្រថុយ​ខ្លាំងពេក​ហើយ។ ទោះ​ជា​​អ្នក​ពូកែ​ប៉ាន់​ស្មាន​ខាង​ហិរញ្ញវត្ថុ​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​មិនគួរ​ប្រថុយក្នុង​របៀប​មិន​ច្បាស់​លាស់​ដែឬ។

 

៣/ ការបង្កើតពាណិជ្ជកម្មមួយ​តម្រូវឱ្យ​មាន​ជំនាញ​កម្រិត​ខ្ពស់

មនុស្សជាច្រើនជឿថា សហគ្រិន​ជោគជ័យ​សុទ្ធតែ​មាន​ឆន្ទៈ​ខ្ពស់។ ប៉ុន្តែ​បើ​រឿង​នេះ​ពិត​បែប​នេះ​មែន ពិភព​លោកនេះ​ប្រាកដជាមាន​ចំនួន​ពាណិជ្ជ​កម្មស្មើ​នឹង​ចំនួន​មនុស្សដែរ​ហើយ។ សហគ្រិន​ភាព​គឺរឿង​ជំនាញ ឬបើ​និយាយ​ឱ្យចំ​ជាង​នេះគឺបណ្តុំ​ជំនាញ។ លោក DiPiazza ពន្យល់​យ៉ាង​ច្បាស់​ថា “មនុស្សងាយ​នឹង​មាន​ចិត្តស្ទុះ​ស្ទាចំពោះ​គំនិត​ចង់បង្កើត​ពាណិជ្ជកម្ម​ណាស់ ប៉ុន្តែ​ការ​ពិត​គឺ​គេ​ត្រូវ​មាន​ជំនាញ​ច្រើន ដើម្បី​ធ្វើ​ពាណិជ្ជ​កម្ម​មួយ។ មនុស្សជាច្រើន​មិនដឹង​ថា​ គេត្រូវ​ការ​ជំនាញ​ច្រើន​ទេដើម្បី​គ្រប់​គ្រង​ពាណិជ្ជ​កម្ម​ពិត​ប្រាកដ។” ការពឹងផ្អែក​លើ​ជំនាញ​ពីខាង​ក្រៅ​ មិនត្រឹម​តែ​ជារឿង​គួរធ្វើទេ​ ប៉ុន្តែ​ជា​រឿងចាំ​បាច់​ត្រូវតែ​ធ្វើក្នុង​សម័យ​បច្ចុប្បន្ន​នេះ។ អ្នក​កំពុង​តែ​គ្រប់​គ្រង​ពាណិជ្ជកម្ម ដូច្នេះ​​អ្នក​មិន​អាច​ សន្និដ្ឋាន​ថា​អ្វីៗ​គ្រប់​យ៉ាង​នឹង​មាន​ដំណើរ​ការល្អ​នោះ​ទេ។ មានជំនាញ​មូលដ្ឋាន​ខ្លះដែល​លោក​អ្នក​ត្រូវការ​ដើម្បី​ចាប់​ផ្តើម​ដូចជា​៖

-ធនធានមនុស្ស

-គណនេយ្យ

-គ្រប់គ្រង

-ម៉ាកឃីតធីង

អ្នកក៏ត្រូវមាន​សមត្ថភាព​រក្សាតុល្យភាព​ជីវិត​ផ្ទាល់​ខ្លួន និង​ជីវិត​ការងារ​ដើម្បី​មាន​កម្លាំង​កាយ​ចិត្ត​បន្ត​ដំណើរ​វែង​ឆ្ងាយទៅមុខ​ដោយ​ជោគ​ជ័យ។

 

ប្រែសម្រួល​៖ វេហា

ប្រភព៖ Entrepreneur

មតិយោបល់