បំនិនអាជីវកម្ម | February 27, 2023

អានការចែករំលែកគន្លឹះរកលុយពីមហាសេដ្ឋីដែលខិតខំប្រឹងប្រែងដោយខ្លួនឯងទាំង4ចំណុចសំខាន់ៗ

ការខិតខំប្រែក្លាយខ្លួន​ពីគ្មាន​អ្វីសោះ​រហូត​មាន​ទ្រព្យ​សម្បត្តិលំដាប់​មហា​សេដ្ឋី​ជារឿង​អស្ចារ្យណាស់សម្រាប់​មនុស្ស​ម្នាក់ៗ។ ក្នុង​ចំណោម​មហា​សេដ្ឋី​ចំនួន​៥៨៥​នាក់នៅ​ក្នុងសហរដ្ឋ​អាមេរិកមាន​៣៦០​នាក់​ជា​អ្នក​ផ្តើម​ចេញ​ពី​បាត​ដៃ​ទទេនិង​ស្វែង​រកផ្លូវ​បង្កើត​លាភ​សំណាងដោយ​ខ្លួន​ឯង។ មនុស្ស​ទាំងអស់​នេះបានឆ្លង​កាត់​គ្រប់ការលំបាកមាន​ឆន្ទៈ​មោះមុតហើយ​ជា​មនុស្ស​ដែល​មាន​គំនិត​ត្រូវ រស់​នៅ​កន្លែង​ត្រូវ និងរស់​នៅក្នុង​ពេល​ត្រូវ។

 

 

យើងទាំងអស់​គ្នាសុទ្ធតែ​ចង់​ដឹង​អាថ៌កំបាំង​ជោគជ័យ​ទាំង​នេះ ហើយ​ចង់​ដឹង​ទៀត​ថាតើមហាសេដ្ឋី​ទាំង​អស់​នោះមាន​ដំបូន្មាន​អ្វី​ចង់​ប្រាប់​មនុស្ស​ទូទៅ។ តើគេ​បាន​រៀនមេរៀន​សំខាន់​អ្វីអំពី​ការគ្រប់​គ្រង​លុយ​តាំង​ពីមិន​ទាន់​មាន​រហូត​ដល់ចាយ​មិន​អស់?

 

១/ ធ្វើជាមនុស្សសន្សំសំចៃ

លោក Chris Sacca ល្បីឈ្មោះ​ថា ជា​មនុស្ស​ដែល​មាន​បាត​ដៃ​ទិព្វអាច​ប្រែក្លាយ​អ្វីៗ​គ្រប់​យ៉ាងដែល​លោក​ប៉ះ​ឱ្យទៅ​ជា​មាស។ លោកជា​អ្នក​គាំទ្រ​ដំបូងគេចំពោះកម្មវិធី​ Twitter, Uber, Instagram និង​ Kickstarter។ ការវិនិយោគ​ក្នុង​ក្រុមហ៊ុន​ទាំង​អស់​នោះបាន​នាំឱ្យលោក​ក្លាយ​ជា​មហាសេដ្ឋីរហូត​ដល់​សព្វថ្ងៃ។ ដំបូន្មាន​ល្អបំផុត​របស់លោក​ Sacca ចំពោះ​យុវជនដែល​រំពឹង​ចង់​រក​អនាគត​ភ្លឺស្វាងដោយ​ខ្លួន​ឯងគឺ “កុំចាយលុយ! ត្រូវ​សន្សំលុយ​តាំង​ពី​បន្តិច​បន្តួចហើយ​ត្រូវចេះ​រៀប​ចំ​អាទិភាពសម្រាប់​រយៈពេលយូរ​អង្វែង។ ការធ្វើជា​អ្នក​សន្សំសំចៃ​ក្នុង​ពេល​នេះមាន​ន័យ​ថា​ជា​សេរីភាព​កាន់តែ​ច្រើន​នៅក្នុង​ពេល​ខាង​មុខ។”

 

២/ ត្រូវមានទូកសង្រ្គោះ

លោក​ Reid Hoffman ល្បីឈ្មោះ​ថា​ជាអ្នក​មើល​ឃើញ​អនាគត​របស់​តំបន់ Silicon Valley ដោយ​សារ​ការវិនិយោគ និង​ការបង្កើត​ក្រុមហ៊ុន​មិន​ចេះ​ខុស។ លោក​ជា​សហស្ថាបនិក​ក្រុមហ៊ុន LinkedIn និង​គេហទំព័រ SocialNet ហើយ​ក៏ជាប្រធាន​មន្រ្តីប្រតិបត្តិ​ក្រុមហ៊ុន​ PayPal ​ដែរ។ សព្វថ្ងៃ​លោក Hoffman ធ្វើការ​ដើម្បី​អប់រំ​សហគ្រិនអំពីការៀបចំ​ផែន​ការ​អាជីព និង​ការហ៊ាន​ប្រថុយ។ មេរៀន​ដែល​លោក​តែង​តែ​បង្រៀន​សហគ្រិន​គឺ​ផែន​ការ ​ABZ។​

 

សហគ្រិនត្រូវ​មាន​ផែនការAគឺ​ផែន​ការ​បច្ចុប្បន្ន ដែល​កំពុង​តែ​ព្យាយាម​អនុវត្ត។ បន្ទាប់​មក​អ្នកត្រូវមាន​ផែន​ការBគឺផែន​ការ​បម្រុង​ទុកនៅ​ពេល​ផែន​ការAមិនអាចទទួល​បាន​ជោគជ័យ។ ផែនការ​Bក៏អាច​ជា​គម្រោងបន្ទាប់​បន្សំ​ដែល​អ្នកធ្វើ​ដើម្បី​រក​ចំណូល​បន្ថែម​ដែរ ប៉ុន្តែ​ផែន​ការ​B ​ត្រូវតែ​មាន​ភាព​បត់​បែន។ ប៉ុន្តែ​ការ​មានត្រឹម​តែ​ផែន​ការ​Bនៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ អ្នក​ត្រូវ​មាន​ផែន​ការZ​ថែម​ទៀត ដើម្បី​បង្ការ​ទុក​ក្រែង​អ្វីៗ​គ្រប់​យ៉ាង​ជួប​បញ្ហា។

 

ផែនការZនេះ​ហើយ​ដែល​លោក​ Hoffman ហៅថា​ជាទូក​សង្រ្គោះ។ ការមាន​ជម្រើស​ទូក​សង្រ្គោះ​ជារឿង​សំខាន់​ណាស់ ពីព្រោះថា​បើ​បរាជ័យ​ណា​មួយអាច​ធ្វើ​ឱ្យ​អ្នក​ដួល​រលំ អ្នក​នឹង​មិន​ហ៊ាន​ប្រថុយ​ទៀតទេហើយ​ក៏មិន​អាច​រីក​ចម្រើន​បានដែរ។

 

៣/​ រស់នៅយ៉ាង​សាមញ្ញ​និង​វិនិយោគ​លើខ្លួនឯង

លោក Warren Buffett ល្បីឈ្មោះ​ថា​ ជាមហា​សេដ្ឋី​ដែល​មិន​ចូល​ចិត្ត​ជីវិត​ហឺហា។ CEO របស់​ក្រមហ៊ុន​ Berkshire Hathaway ម្នាក់​នេះ​មាន​ទ្រព្យសម្បត្តិ​ប្រហែល​៨៦,៥​ពាន់លាន​ដុល្លារ ប៉ុន្តែ​លោក​រស់​នៅ​ក្នុងរបៀប​សន្សំសំចៃ​បំផុត និង​ចូល​ចិត្ត​ធ្វើកិច្ចការ​មនុស្ស​ធម៌។ លោក Buffett រស់នៅ​ក្នុង​ផ្ទះ​តម្លៃ​ ៣១ ៥០០​ ដែលទិញតាំង​ពីឆ្នាំ ​១៩៥៧​ មក​ម៉្លេះ ហើយ​ក៏កម្រ​ទិញ​រថយន្តថ្មី​ដែរ។ លោក​តែងតែ​ទទួល​ទាន​អាហារ​ពេល​ព្រឹកដែល​មាន​តម្លៃ​ថោក​នៅ​តាម​ផ្លូវ​ទៅ​ធ្វើ​ការ។ ប៉ុន្តែ​បើ​តាម​លោក Buffett មាន​រឿង​ម្យ៉ាងដែល​គួរ​ដល់​ការ​វិនិយោគ គឺខ្លួន​ឯង។ ទោះជា​អ្នក​មាន​រឿងអ្វី​ក៏​ដោយក៏ត្រូវ​ចាត់​វិធាន​ការដោះ​ស្រាយ​និង​ជម្នះ​អ្វីៗគ្រប់យ៉ាងដែល​ទាញ​អ្នកមិន​ឱ្យទៅ​មុខ​រួច។

 

៤/ មានលុយបម្រុងទុកសម្រាប់ពេលបន្ទាន់

ជីវិតមិនមែនជារឿងងាយស្រួលគ្រប់​ពេល​ទេ​សម្រាប់​លោក John Paul DeJoria ប៉ុន្តែ​បទ​ពិសោធន៍​របស់​លោក​បាន​បង្រៀន​មេរៀន​ជីវិត​យ៉ាង​មាន​តម្លៃ។ លោក ​DeJoria​ កើតក្នុង​គ្រួសារ​អន្តោប្រវេសន៍​ក្រីក្រ ហើយ​ក៏ចាប់​ផ្តើម​ធ្វើការ​តាំង​ពី​អាយុ​៩ឆ្នាំ។ ពេល​ធំឡើង​លោក​​ត្រូវ​រស់​នៅ​គ្មាន​ផ្ទះសម្បែង​ពិត​ប្រាកដ​ជាច្រើនលើក​ច្រើន​សា។ ទម្រាំ​មាន​ថ្ងៃនេះ លោក DeJoria ត្រូវឆ្លង​កាត់​ព្យុះភ្លៀង​ស្ទើរ​រាប់​មិន​អស់​សូម្បី​តែ​ក្រោយ​ពេលបើក​អាជីវកម្ម​ហើយ​ ក៏នៅ​ជួប​បញ្ហា​ត្រូវ​ជម្នះ​ជា​បន្ត​បន្ទាប់។

 

ដំបូន្មាន​របស់​លោក DeJoria ចំពោះ​សហគ្រិន​វ័យក្មេងដែល​ទើប​ចាប់​ផ្តើម​រៀន​ដើរ អ្នក​ត្រូវត្រៀម​ដើម​ទុ​នខ្លះបម្រុង​ទុក​មុន​ពេលបើក​ពាណិជ្ជ​កម្ម។ លុយ​បម្រុង​នេះត្រូវមាន​ចំនួន​គ្រប់​គ្រាន់សម្រាប់​ចំណាយ​យ៉ាង​ហោច​ណាស់ក៏រយៈ​ពេល​៦ខែនៃការ​ចាប់​ផ្តើម​ពាណិជ្ជកម្មដែរ។ 

 

ប្រែសម្រួល​៖ វេហា

ប្រភព៖ Entrepreneur

មតិយោបល់