បំនិនអាជីវកម្ម | February 28, 2023

5គន្លឹះសម្រាប់សហគ្រិនទើបប្រឡូកក្នុងមុខជំនួញថ្មីថ្មោង

សហគ្រិនភាពជាការអភិវឌ្ឍឬជា​ការ​ប្រែក្លាយ​គំនិត​ឱ្យទៅ​ជា​ការពិត​ដែលរួម​មាន​ការធ្វើ​យុទ្ធសាស្រ្ត ការរចនា ការផ្តួចផ្តើម និង​ការគ្រប់​គ្រង​គំរូពាណិជ្ជ​កម្ម​ថ្មី។ សហគ្រិន​ជាមនុស្ស​ដែល​នឹក​ឃើញ​គំនិត​នៃ​ការណែនាំ​ពាណិជ្ជកម្មថ្មីជាមួយ​គំនិត​ច្នៃប្រឌិតនិង​ការ​បង្កើត​ថ្មីៗ​របស់​គេ។

មានសហគ្រិនច្រើននាក់​ណាស់ដែល​មាន​គំនិត​អស្ចារ្យ ប៉ុន្តែ​គេខ្វះ​ខាត​ផ្លូវ​ដ៏ត្រឹម​ត្រូវ។ ក្នុងពេល​ជាមួយ​គ្នា​នេះ​ដែរក៏មាន​សហគ្រិន​ជាច្រើន​នាក់ ដែល​មាន​មហិច្ឆតា​ធំ ប៉ុន្តែស្ទាក់​ស្ទើរ​និង​សង្ស័យ​មិន​ហ៊ាន​ប្រថុយ​ដែរ។

 

ហេតុដូច្នេះហើយដើម្បីជំរុញនិង​លើក​ទឹក​ចិត្តសុបិន ពន្លក​សហគ្រិន​ទាំងង​នោះ ក្រុមអ្នក​ជំនាញ​បាន​ប្រមូល​គន្លឹះ​មួយ​ចំនួនដែល​អាច​ប្រែក្លាយ​ជីវិត​របស់​សហគ្រិនទាំង​នោះ​ឱ្យក្លាយ​ទៅជា​កំពូល​អ្នក​ជំនួនញ​៖

 

១/ ជឿជាក់លើខ្លួនឯង

ជំហានដំបូង​បំផុត​មុន​ពេល​ចាប់​ផ្តើមដំណើរ​ផ្សង​ព្រេង​ក្នុង​ពិភពជំនួញ​គឺត្រូវ​ជឿ​ទុក​ចិត្ត​ខ្លួន​ឯង និងបណ្តុះ​ជំនឿ​ចិត្ត​ក្នុង​គំនិត​និង​សមត្ថភាពរបស់​​អ្នក។ ការ​ធ្វើ​ឱ្យនរណា​ម្នាក់​ជឿ​ជាក់លើ​កិច្ចការ​ដែល​​អ្នកកំពុង​តែ​ធ្វើមិន​មែនជា​រឿង​ងាយ​ស្រួល​ទេ ដរាប​ណា​អ្នក​មិន​ទាន់​ជឿជាក់​លើខ្លួន​ឯង។ ហេតុដូច្នេះ​ហើយ ​ការទុក​ចិត្តនិង​ជឿ​ជាក់​លើខ្លួន​ឯងមាន​សារៈ​សំខាន់​ណាស់ក្នុង​គ្រប់​កិច្ចការដែល​​អ្នក​ធ្វើ។ ឧបសគ្គ​និង​បញ្ហាជារឿងដែល​ជៀស​មិន​រួច ប៉ុន្តែ​​អ្នក​មិន​ត្រូវបណ្តោយ​ឱ្យអ្វី​មួយ​មករំខាន ឬសង្ស័យ​អំពីសមត្ថភាពនិង​ប្រសិទ្ធ​ភាព​របស់​​អ្នក​ឡើយ។

 

 

២/ ទទួលស្គាល់អារម្មណ៍ភ័យខ្លាច

ការស្ទាក់ស្ទើរ​និង​ការ​សង្ស័យ​ចំពោះ​ខ្លួន​ឯង​ពេល​ចាប់​ផ្តើមធ្វើកិច្ចការ​អ្វីមួយ​ជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​អ្នក​ត្រូច្បាស់​ថា អារម្មណ៍​មិន​ទុក​ចិត្ត​ទាំង​នោះ មិន​អាចគ្រប​ដណ្តប់​លើការ​សម្រេច​ចិត្ត​ទាំងស្រុង​ ឬរំខាន​ដល់​ទស្សន​វិស័យរបស់​​អ្នក​ទេ។ រឿង​សំខាន់​មួយ​ទៀតគឺត្រូវ​តាម​ដាន​និង​ដឹង​ឱ្យច្បាស់​ថា មាន​កត្តាអ្វីខ្លះ​ដែល​ធ្វើ​ឱ្យ​អ្នក​ទន់​ខ្សោយ ឬបញ្ឈប់​​អ្នកពីការ​សម្រេច​បានសក្តា​នុពល​ពេញ​លេញ។ ទទួល​ស្គាល់​ការពិត​ទាំង​អស់​នោះ ហើយ​ស្វែង​រក​ដំណោះ​ស្រាយដើម្បី​ជម្រុះ​ឧបសគ្គ​ទាំង​អស់ឱ្យ​​អ្នក​ក្លាយ​ជាមនុស្ស​ដែល​គ្មាន​អ្វីរា​រាំង​បាន។

 

៣/ ហ៊ានប្រថុយ

ការប្រថុយនិងផលចំណេញ​តែង​តែ​មាន​ទំនាក់​ទំនងជាមួយ​គ្នា​ជា​និច្ច និង​មាន​សមា​មាត្រ​នឹ​ង​គ្នា​គ្រប់​ពេលគឺបើ​ការ​ប្រថុយ​កាន់​តែ​ខ្ពស់មាន​ន័យ​ថា​ផល​ចំណេញក៏មានកាន់​តែ​ច្រើន​ដែរ។ ប៉ុន្តែ​ការជឿ​ជាក់​បែប​នេះមិនមែន​មាន​ន័យ​ថា ការ​ខាត​បង់​មិន​អាច​​កើតមាន​នោះ​ទេ។ ហានីភ័យ​កាន់​តែ​ខ្ពស់ពិត​ជា​បង្កើន​ឱកាសនៃការ​ខាត​បង់​មែន។ ហេតុដូច្នេះ​ហើយអ្នក​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្នតាម​រយៈ​ការ​គិត​គូរឱ្យបាន​គ្រប់​ជ្រុង​ជ្រោយចំពោះ​ផល​ប្រយោជន៍​ខ្ពស់ក្នុង​ការ​​រំពឹង​ទុក។ នេះជា​ការ​ពិត​ដ៏​គ្រោតគ្រាត​នៃ​ជីវិត​ពាណិជ្ជកម្ម ប៉ុន្តែ​មនុស្ស​ជោគ​ជ័យ​ទាំង​អស់សុទ្ធតែ​ធ្លាប់​ប្រថុយ ហើយ​ក៏គ្មាន​រឿង​រ៉ាវ​ជោគ​ជ័យ​ណា​មាន​លក្ខណៈ​ពេញ​លេញដោយ​ខ្វះការ​ប្រថុយ​ប្រកបដោយការគិត​គូរ​យ៉ាង​ល្អិត​ល្អន់​នោះ​ទេ។

 

៤/ រៀនពីកំហុស

មនុស្សតែងតែ​មាន​ទំនោរ​បង្កើត​កំហុស​ជារឿយៗ។ ប៉ុន្តែអ្វី​ដែល​សំខាន់គឺមនុស្សត្រូវ​ចេះរៀន​ពីកំហុស និង​ទទួល​យក​មេរៀន​ទៅ​អនុវត្តដើម្បីធានា​និង​កាត់បន្ថយ​ការ​បង្កើតកំហុស​ដដែលៗ។ កុំព្យាយាម​មើល​រំលង​កំហុស​របស់​​អ្នក អ្នក​ត្រូវ​ទទួល​យកបទ​ពិសោធន៍ ឬមេរៀន​ទាំងអស់​ពី​កំហុស​ទាំង​នោះ និង​សម្លឹង​រកមធ្យោ​បាយ​បញ្ជៀស​កំហុស​ទាំង​នោះ​ទៅ​ថ្ងៃមុខ។ កំហុស​អាច​ធ្វើជា​គ្រួ​បង្រៀនដ៏ល្អ​បំផុត​គ្រប់​ពេលដោយ​សារ​វាជួយ​បង្រៀន​​អ្នកនូវមេរៀន​ជីវិត​ដ៏ល្អ​បំផុតមិន​អាច​​រក​បាននៅ​ក្នុង​សាលាឬគ្មាន​នរណា​ម្នាក់​ឱ្យបាន។

 

៥/ យកពេលសម្រាកខ្លះ

ការធ្វើពាណិជ្ជកម្មអាច​នឹង​បណ្តាលឱ្យ​អ្នក​អស់​កម្លាំង​កាយ​ចិត្តនៅ​ពេល​ខ្លះ ហេតុដូច្នេះ​ហើយអ្នក​គួរតែ​មាន​ពេល​សម្រាក​ខ្លះ។ អ្នក​ត្រូវចេះ​ផ្តល់​រង្វាន់​ឱ្យខ្លួន​ឯង​តាម​រយៈ​ការធ្វើ​សកម្មភាពដែល​ជា​ចំណង់​ចំណូល​ចិត្ត ឬការធ្វើ​ដំណើរ​កម្សាន្ត​ទៅកន្លែង​ដែល​​អ្នក​ប្រាថ្នា​ចង់​ទៅ។ លើស​ពីនេះ​ទៅទៀត ក៏នៅមាន​សកម្មភាព​ជាច្រើន​ទៀតដែល​​អ្នក​គួរតែ​មាន​សម្រាប់​ខ្លួន​ឯងហើយ​មិន​ទាក់​ទង​នឹង​ពាណិជ្ជកម្ម ដូចជា​ការគូរ​រូប​ភាព ការលេង​ភ្លេង ការសរសេរ ការអាន និង​សកម្មភាព​កីឡាផ្សេងៗ។ ចំណុច​សំខាន់​គឺត្រូវ​បង្កើតនិងរក្សា​តុល្យភាព​រវាង​ជីវិត​ការងារ និង​ជីវិត​ផ្ទាល់​ខ្លួន។

 

ការធ្វើជាសហគ្រិន​មិនមែន​ជាកិច្ចការងាយ​ស្រួល​ទេ។ អ្នក​ត្រូវតែ​វិភាគ​គ្រប់​រឿង​រ៉ាវ​យ៉ាង​ប្រុង​ប្រយ័ត្ន​និង​យក​ចិត្តទុក​ដាក់​បំផុតដើម្បី​ធានា​ឱ្យបាន​ថា ​អ្នក​ប្រែក្លាយ​ការ​គំរាម​កំហែង​ទាំងអស់ឱ្យទៅ​ជា​ឱកាស​និង​ចំណុច​ខ្សោយ​ទាំងអស់ឱ្យទៅ​ជា​ចំណុច​ខ្លាំង៕

 

ប្រែសម្រួល​៖ វេហា

ប្រភព៖ Entrepreneur

មតិយោបល់