បំនិនអាជីវកម្ម | February 24, 2023

មហាសេដ្ឋីជាច្រើនមានលោក Bill Gates ជាដើមនិយាយដូចៗគ្នាពីទម្លាប់និងដំណើរនៃការកសាងទ្រព្យសម្បត្តិ

មនុស្សដែលបាន​បង្កើត​លាភ​សំណាងរហូត​ដល់​ក្លាយ​ជា​មហា​សេដ្ឋីតាំង​ពីលោក Rockefeller រហូត​ដល់​លោក Gates សុទ្ធតែ​បាន​ធ្វើឱ្យ​ពិភព​លោក​នេះ ផ្លាស់​ប្តូរ។ ដើម្បីសម្រេច​បាន​ជោគជ័យកម្រិត​នេះ​គេ​ត្រូវ​មាន​ទាំង​ការព្យា​យាមការប្តេជ្ញា​ចិត្តនិង​សំណាង​ខ្លះ​ដែរ។ ទោះ​ជាយ៉ាង​ណា​មហាសេដ្ឋី​ទាំង​នេះក៏មិន​បាន​លាក់​អាថ៌កំបាំង​អ្វីក្នុងដំណើរ​បង្កើត​លាភ​សំណាងទាំង​អស់​នេះ​ទេ ហើយ​មនុស្ស​ទាំងអស់​ក៏អាចរៀន​អនុវត្ត តាម​គន្លឹះមួយ​ចំនួនដើម្បី​ទទួល​បាន​ជោគជ័យក្នុង​ក​ម្រិត​ណា​មួយដែល​ចង់​បាន​ដែរ។

 

 

ទោះជាគោលដៅរបស់អ្នក​ចង់​បង្កើត​រក​លុយ​ឱ្យបាន​រាប់​ពាន់​លាន​ដុល្លារ ឬចង់​នាំទឹក​ស្អាត​ទៅឱ្យ​មនុស្សរាប់​ពាន់​លាន​នាក់ ក៏អ្នក​អាច​ប្រើប្រាស់​គន្លឹះ​ទាំងនេះពីមាត់​របស់​មហា​សេដ្ឋី​ផ្ទាល់៖

 

១/ សម្លឹងមើលបរាជ័យឱ្យចំភ្នែក

បរាជ័យមិនមែនជាអ្វីដែល​​អ្នក​រំពឹង​ចង់​ជួប​នោះ​ទេ ប៉ុន្តែ​មហា​សេដ្ឋី​ទាំងអស់​សុទ្ធតែ​ធ្លាប់​ជួប​បរាជ័យ​ក្នុង​របៀប​ផ្សេងៗ។ ភាពខុស​គ្នា​រវាង​មនុស្ស ដែល​រីក​ចម្រើន និងមនុស្ស​ដែល​មិន​រីក​ចម្រើន​ស្ថិត​នៅត្រង់​ថា​មនុស្សដែល​រីក​ចម្រើន​បរាជ័យធ្វើឲ្យគេកាន់តែ​ប្រសើរ​ឡើង។ លោក Bill Gates ធ្លាប់​និយាយ​ថា ការសាទរ​ជោគ​ជ័យ​ជារឿង​ល្អ ប៉ុន្តែ​រឿងដែល​សំខាន់​ជាង​នេះគឺត្រូវយក​ចិត្តទុក​ដាក់ចំពោះ​មេរៀន​ពី​បរាជ័យ។

 

មនុស្សច្រើននាក់​ណាស់​ដឹង​ថាលោក Gates ក្លាយ​ជា​មហា​សេដ្ឋី​ និង​ល្បីឈ្មោះ​ដល់​សព្វថ្ងៃ​នេះដោយ​សារ​ការ​បង្កើត​ក្រុម​ហ៊ុន Microsoft ប៉ុន្តែ​ប្រហែល​មាន​មនុស្ស​តិច​នាក់ណាស់ដែល​ដឹង​ថា​លោក Gates ធ្លាប់​បង្កើត​ក្រុមហ៊ុន Traf-O-Data ហើយ​ក៏ដួលរលំ​ទៅវិញ នៅចុង​ទសវត្សឆ្នាំ​១៩៧០។ ប៉ុន្តែគឺ​មេរៀន​ពី​បរាជ័យ​នោះហើយ​ដែល​ជួយ​ឱ្យក្រុមហ៊ុន Microsoft ទទួល​បាន​ជោគជ័យ។

 

មនុស្សមានមហិច្ឆតា​ជាច្រើន​នាក់នៅពេល​ជួប​បរាជ័យគេតែង​តែ​ចង់​បំភ្លេច​រឿង​ឈឺ​ចាប់​នោះរួចបន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ប៉ុន្តែ​គន្លឹះ​ដើម្បី​ជោគ​ជ័យគឺការ​មាន​សមត្ថភាពប្រឈម​មុខ​នឹង​បរាជ័យ ហើយ​យល់​មេរៀន​ពី​បរាជ័យ​នោះ។ មនុស្ស​ជោគជ័យ​បំផុតទទួល​ស្គាល់​ថា​បរាជ័យ​ជាជណ្តើរ​ជាន់​ទៅ​កាន់​តែ​ខ្ពស់មិនមែន​ជារបាំង​បិទ​ផ្លូវទេ។

 

២ ជម្នះធ្វើឱ្យបានអស្ចារ្យ

ភាពអស្ចារ្យសម្រាប់​មនុស្ស​ជោគជ័យ​បំផុត​គឺ​ទម្លាប់។ លោក Mohammad Dewji ជាមហាសេដ្ឋីវ័យក្មេងរបស់ទ្វីប​អាព្រិច​និយាយ​ថា “ព្យាយាម​ធ្វើឱ្យបាន​អស្ចារ្យនៅ​ក្នុង​ជីវិត ហើយ​មិនត្រូវ​ទុក​ចន្លោះសម្រាប់​កិច្ចការ​កម្រិត​ធម្មតាៗ​ទេ។ កំណត់​គំរូរបស់​អ្នកឱ្យបាន​ខ្ពស់ ហើយ​ការ​ព្យាយាម​របស់​​អ្នកនឹង​ទទួល​បាន​ផល​តបស្នង​មក​វិញ​យ៉ាងពេញចិត្ត។”

 

គោលដៅវែងឆ្ងាយ​អាចនឹង​មាន​ទំហំធំ​ពេក​ ឬមាន​ភាព​មិន​ច្បាស់​លាស់។ ប៉ុន្តែ​ការក្រោក​ពីគេង​រាល់ព្រឹកហើយ​ខិតខំ​ធ្វើការឱ្យដល់​កម្រិត​ខ្ពស់​បំផុតជាប្រចាំ​ដែល​លោក​អ្នកបាន​កំណត់​ទុក​ជា​គន្លឹះដើម្បី​ជោគ​ជ័យ។ លុយខ្ទង់​ពាន់​លាន​ចាប់ផ្តើម​ពីលុយ​ខ្ទង់​លានដែល​មាន​មូលដ្ឋាន​ពី​ខ្ទង់​សែន ខ្ទង់ម៉ឺន ខ្ទង់ពាន់ ខ្ទង់រយ និងខ្ទង់​​រាយ ហើយ​លុយ​ដំបូង​គេគឺទទួល​បាន​មក​ដោយ​សារ​ការ​ប្រឹង​ប្រែងធ្វើឱ្យ​បាន​ល្អឥត​ខ្ចោះ។

 

កំពូលសហគ្រិន​ជោគជ័យ​បង្កើត​គោល​ដៅ​ត្រូវនិង​សម្រេច​គោល​ដៅ​ទាំង​នោះ​រាល់ថ្ងៃ។ តាមរយៈ​ការ​អនុវត្ត​ទៀង​ទាត់ គេអាច​បង្កើត​បាន​ជា​ទម្លាប់​ត្រូវ។ ទីបំផុត​ទម្លាប់​ត្រូវទាំង​អស់​នេះក៏ក្លាយ​ទៅជា​សមិទ្ធផល​ត្រូវ។

 

៣/ ទស្សនវិស័យជាគន្លឹះ

ទិដ្ឋភាពមួយទៀត​ ក្នុងការ​ក្លាយ​ខ្លួន​ជា​មហាសេដ្ឋីគឺការ​កំណត់​គោល​ដៅ​ត្រូវ។ ការបង្កើត​គំនិតល្អៗ ដែល​គួរដល់​ការព្យាយាមមាន​ន័យ​ថា​ជា​ការ​គិត​ឱ្យហួស​ពីរបៀប​ធម្មតា​ និង​ការ​មើល​ឃើញ​គុណ​តម្លៃក្នុង​កន្លែង​ដែល​មនុស្ស​ទូទៅមើល​មិន​ឃើញ។ គំនិត​ដែល​បង្កើត​មហា​សេដ្ឋី​ជា​គំនិត ដែល​រុញច្រាន​ព្រំដែននៃ​គំនិត​របស់​មនុស្ស​ធម្មតា។

 

ឧទាហរណ៍​​ជាក់ស្តែងនៅពេល​មហាសេដ្ឋី Richard Branson បង្កើត​ក្រុមហ៊ុន​អាកាស​ចរណ៍ Virgin Airlines ដើម្បី​ប្រកួត​ប្រជែង​ ជាមួយ​ក្រុម​ហ៊ុន​ធំៗ លោក​រងការ​សើចចំ​អក​ច្រើន។ អ្នកខ្លះ​ទៀត​ប្រមាថ​លោក Branson ដែល​ហ៊ាន​ប្រជែងជាមួយ​ក្រុមហ៊ុន​អាកាស​ចរណ៍​ដែល​មាន​ស្រាប់។ ទោះ​ជាយ៉ាង​ណាលោក Branson បាន​មើល​ឃើញតម្រូវ​ការនៃ​ក្រុមហ៊ុន​អាកាស​ចរណ៍​តម្លៃ​ថោកដែល​ផ្តោត​លើ​សេវា​បម្រើអតិថិជន​ជា​ធំ។ លោក Branson មាន​ជំនឿចិត្តក្នុង​ទស្សន​វិស័យ​របស់​លោកបើទោះបី​ជាក្រុម​ហ៊ុនដែលលោក​បាន​បង្កើត​ឡើងហើយ​ជួប​បញ្ហាខ្លះៗ​ក្នុង​ពេល​ពីរបីឆ្នាំ​ដំបូង​ក៏​ដោយ។ លោក Branson បានដឹ​ង​ថា​ មនុស្សដទៃ​សង្ស័យ​ចំពោះ​គំនិត​របស់​លោក ប៉ុន្តែ​លោក​បាន​ទុក​ចិត្ត​លើ​ការ​វាយ​តម្លៃ​របស់​ខ្លួន​ឯង។

 

៤/ សុខភាពជារឿងសំខាន់

គ្មានកិច្ចប្រឹងប្រែងតម្លៃរាប់ពាន់​លាន​ដុល្លារ​ណាអាច​ទៅមុខ​រួច​ដោយ​មិន​មាន​សុខ​ភាព និង​ឆន្ទៈ​នៅពី​ក្រោយ​នោះ​ទេ។ អ្នក​ជំនាញ​ខាង​ថែទាំរាង​កាយ​និង​មហា​សេដ្ឋី Samir Becic និយាយ​ថា “ខ្ញុំជឿជាក់​ថា​នៅក្នុង​សតវត្ស​ទី​២១នេះ ដើម្បី​ធ្វើជា​មនុស្សខ្លាំងពូកែ​ក្នុង​ពិភព​លោក​នេះ លអ្នក​ត្រូវតែ​មាន​សុខភាព និង​ចេះ​ថែទាំ​រាង​កាយ។ មហាសេដ្ឋី​ទាំង​អស់តាំង​ពីស្ថាបនិក​ក្រុមហ៊ុន Under Armour រហូត​ដល់​លោក George Soros ដែល​មាន​វ័យ​៨៦ឆ្នាំទៅហើយ​សុទ្ធតែ​សង្ក​ត់ធ្ងន់​លើសារៈ​សំខាន់​នៃ​សុខ​ភាពផ្ទាល់ខ្លួន។

 

គំនិតរបស់អ្នកនឹង​មិនអាច​ប្រែក្លាយ​ទៅជា​អ្វីកើត​ទេបើ​អ្នក​មាន​ជំងឺ​ច្រើន និង​មិនមាន​សុខភាពល្អ។ អ្នក​នឹងមិន​មាន​​ថាមពលដើម្បី​​​ធ្វើកិច្ចការទាំងអស់នៅ​ក្នុង បញ្ជី​ការងារ​ដែលត្រូវ​ធ្វើ។ យុទ្ធសាស្រ្ត​កាត់​បន្ថយ​សម្ពាធ​អារម្មណ៍របប​អាហារ​​ដើម្បី​សុខ​ភាព និងលំហាត់​​ប្រាណជាប្រចាំនឹង​ជួយ​បង្កើត​សមត្ថភាពរាង​កាយ​ព្រម​ទាំងជំរុញ​ទឹក​ចិត្ត​អ្នក​ឱ្យធ្វើការ​ពេញ​សក្តា​នុពល។ សូមចង​ចាំ​ថា បើទោះ​ជាក្នុង​ការ​បំពេញ​សុបិនរបស់អ្នកសុខភាព​ជា​គន្លឹះ​មិន​អាច​ខ្វះ​បាន។

 

៥/ ឱកាស + ការប្រុងប្រៀប = សំណាង

អ្នកប្រហែលភ្ញាក់ផ្អើលថា សំណាង​ច្រើន​តែកើត​ឡើងចំពោះ​មនុស្ស​ដែល​ខិត​ខំ​ធ្វើការ ប៉ុន្តែវា​ជាកត្តា​មួយ​ក្នុងការ​ក្លាយ​ជា​សមាជិករបស់​ក្រុម​មហា​សេដ្ឋី។ លោក Mark Cuban ដែល​បាន​លក់​ក្រុមហ៊ុន Broadcast.com ក្នុង​តម្លៃ​ ៥,៧​ពាន់​លាន​ដុល្លារកាល​ពីចុង​ទសវត្ស​ឆ្នាំ​១៩៩០ បាន​សារ​ភាព​ថា “ការធ្វើ​ជា​មហាសេដ្ឋី​តម្រូវ​ឱ្យមាន​សំណាងច្រើន និងការ​ដើរ​ត្រូវ​ពេល​វេលា​ច្រើន។” ពេល​​​នេះការពឹងផ្អែកតែលើ​សំណាង​ម្យ៉ាង​ដើម្បី​ជោគ​ជ័យ​គឺមិនអាចទៅរួចទេ។ 

 

ទោះជាយ៉ាងណាសមត្ថភាព​ទទួលស្គាល់ឱកាស​យ៉ាង​ឆាប់​រហ័ស និងក្នុង​របៀប​ដែល​ត្រូវ​ធ្វើ​ពេល​ឱកាស​ទាំង​នោះបង្ហាញខ្លួន សមត្ថភាព​ដើម្បីបត់​បែន​ទៅតាម​ដំណើរ​ផ្លាស់ប្តូរនៅ​ពេល​ចាំ​បាច់ និង​ការប្រុង​ប្រៀបខ្លួន​សុទ្ធតែ​មាន​សារៈ​សំខាន់​ក្នុង​ការ​ទាញ​យកអត្ថប្រយោជន៍​ពីស្ថាន​ភាពដែល​មនុស្ស​ទូទៅ​គិត​ថា ជា​សំណាង​។

 

ប្រែសម្រួល៖ វេហា

ប្រភព៖ Entrepreneur

មតិយោបល់