តើអ្នកសម្រេចចិត្តចំពោះរឿងដែលអ្នកមិនដែលប្រុងប្រៀបទុកដោយរបៀបណា? នេះជាសំណួរមួយដែលលោក David Amerland អ្នកនិពន្ធសៀវភៅ The Sniper Mind បានសួរមនុស្សជំនាញខាងបាញ់កាំភ្លើងចំនួន១០០នាក់។ ចម្លើយពីក្រុមអ្នកជំនាញខាងបាញ់កាំភ្លើងទាំងនេះអាចកែប្រែរបៀបសម្រេចចិត្តពាណិជ្ជកម្មរបស់សហគ្រិនមួយចំនួន។
ប៉ុន្តែអ្នកប្រហែលឆ្ងល់ថា ហេតុអ្វីក៏អ្នកធ្វើជំនួញត្រូវរៀនពីអ្នកជំនាញបាញ់កាំភ្លើង? វិទ្យាសាស្រ្តប្រព័ន្ធប្រសាទបង្ហាញថាដំណើរការសម្រេចចិត្តរបស់ខ្មាន់កាំភ្លើងអាជីពមានកម្រិតល្អបំផុតនៅពេលរងសម្ពាធ។
សហគ្រិននិងម្ចាស់ពាណិជ្ជកម្មដឹងថា អនាគតនៃពាណិជ្ជកម្មរបស់គេពឹងផ្អែកលើគុណភាពនៃការសម្រេចចិត្តរបស់គេ។ ការយល់ឃើញជាទូទៅ គឺថា ការសម្រេចចិត្តទាំងអស់នេះធ្វើឡើងក្នុងរបៀបមានហេតុផលដែលថ្លឹងថ្លែងការប្រថុយនៃសកម្មភាពអ្វីមួយជាមួយនឹងសក្តានុពលនៃជោគជ័យ។
ទោះជាយ៉ាងណាវិទ្យាសាស្រ្ត បរព័ន្ធប្រសាទក៏បានប្រាប់យើងដែរថា ការយល់ឃើញបែបនេះជារឿងខុសឆ្គងទាំងស្រុង។ លោក Antonio Damasio ដែលជាអ្នកវិទ្យាសាស្រ្តប្រព័ន្ធប្រសាទបានឱ្យដឹងថា អារម្មណ៍មានកម្លាំងគ្រប់គ្រងលើការសម្រេចចិត្តរបស់មនុស្ស ហើយបន្ទាប់មកយើងប្រើប្រាស់ហេតុផលដើម្បីពន្យល់ការសម្រេចចិត្តនោះ។
លោក Damasio បានលើកអំណះអំណាងបែបនេះឡើងជាដំបូងនៅក្នុងសៀវភៅ Descartes' Error: Emotion, Reason and the Human Brain តាមរយៈការសិក្សាបុគ្គលដែលមានពិការភាពអារម្មណ៍។ លោកបានបង្ហាញថា មនុស្សទាំងអស់ដែលលោកបានសិក្សាសុទ្ធតែមានសមត្ថភាពនៃចំណេះដឹងវិភាគនិងគំនិតប្រកបដោយហេតុផល ប៉ុន្តែពួកគេមិនអាចសម្រេចចិត្តបានទេ។
ភស្តុតាងបន្ថែមទៀតដែលគាំទ្រទំនាក់ទំនងរវាងអារម្មណ៍ និងការសម្រេចចិត្តមាននៅក្នុងសៀវភៅ How Customers Think: Essential Insights into the Mind of the Market របស់លោកសាស្រ្តាចារ្យ Gerald Zaltman នៃសកលវិទ្យាល័យ Harvard ដែលបានស្រាវជ្រាវនិងបង្ហាញថា ៩៥ភាគរយនៃការសម្រេចចិត្តទិញទំនិញរបស់មនុស្សធ្វើឡើងដោយមិនដឹងខ្លួន និងមានការជំរុញពីអារម្មណ៍។
ពេលនេះយើងដឹងថា អារម្មណ៍ជាកត្តានៅពីក្រោយប្រព័ន្ធប្រសាទគីមីដ៏ស្មុគស្មាញក្នុងខួរក្បាល។ ការសម្រេចចិត្តមានកម្លាំងជំរុញចិត្តនៅពីក្រោយ ហើយកម្លាំងជំរុញចិត្តទាំងនេះពឹងផ្អែកលើអារម្មណ៍របស់យើង។ ការសិក្សាស្រាវជ្រាវបានបង្ហាញថា សកម្មភាពសម្រេចចិត្តជាការថ្លឹងថ្លែងឡើងចុះដ៏ស្មុគស្មាញរវាងរង្វាន់ពីរប្រភេទគឺ អ្វីដែលយើងរំពឹងចង់បានបើយើងសម្រេចជ្រើសរើសរបៀបងាយស្រួល និងអ្វីដែលយើងនឹងអាចទទួលបានបើយើងហ៊ានសម្រេចចិត្តកាន់តែប្រថុយខ្ពស់ជាងនោះ។
ប៉ុន្តែនៅទីបំផុតទៅមិនមែនជាទម្ងន់នៃរង្វាន់ទេដែលជាកត្តាសម្រេចចិត្តរបស់មនុស្សគឺអារម្មណ៍ដែលយើងមានចំពោះការសម្រេចចិត្តនោះ និងរបៀបដែលអារម្មណ៍របស់យើងប្រែប្រួលទៅវិញទេ។ នៅពេលប្រឈមនឹងជម្រើស នៃលទ្ធផលមិនច្បាស់លាស់ អារម្មណ៍មនុស្សយើង ស្ថិតនៅក្រោមការគ្រប់គ្រងពីផលវិបាកនៃអ្វីដែលនឹងកើតឡើងបើយើងមិនសម្រេចបានដូចការចង់បាន។ ជាទូទៅយើងក៏ចាប់ផ្តើមភ័យខ្លាចក្នុងដំណាក់កាលនេះ ហើយការភ័យខ្លាចនេះក៏ទៅបិទដំណើរការខ្ពស់ៗទាំងអស់របស់ខួរក្បាលរហូតដល់យើងនៅគាំងលែងអាចប្រតិកម្មតប ចំពោះស្ថានការណ៍។
នេះជាស្ថានការណ៍មួយដែលត្រូវប្រើប្រាស់បទពិសោធន៍របស់ខ្មាន់កាំភ្លើង។ ពេលស្ថិតនៅក្នុងស្ថានការណ៍ពិបាកសម្រេចចិត្តមនុស្សត្រូវគិតបែបច្នៃប្រឌិត។ គំនិតច្នៃប្រឌិតពឹងផ្អែកលើចំណេះដឹងអំពីអ្វីដែលមានដំណើរការ និងអ្វីដែលមិនមានដំណើរការ។ លើសពីនេះទៅទៀត គំនិតច្នៃប្រឌិតក៏ត្រូវការបទពិសោធន៍ និងការវិភាគដែរ។ ខ្មាន់កាំភ្លើងកត់ត្រាគ្រប់ការបាញ់របស់គេ គេដឹងច្បាស់ស្ថានភាព អាកាសធាតុ ពន្លឺថ្ងៃ ទីតាំង ពេលវេលា និងអារម្មណ៍នៅក្នុងពេលកំពុងប្រតិបត្តិការ។
ប្រែសម្រួល៖ វេហា
ប្រភព៖ Inc. Asean