បំនិនអាជីវកម្ម | March 02, 2023

គន្លឹះជំរុញទឹកចិត្តបណ្តុះផ្នត់គំនិតនវានុវត្តន៍

ការធ្វើគំនិតឱ្យលេច​ចេញ​រូប​រាងជារឿង​អស្ចារ្យ​ណាស់។ ទោះ​បី​មនុស្ស​ជាច្រើនយល់​ថា​គំនិត​ធំៗ​ផុស​ឡើងក្នុង​ខួរក្បាលយើង​ក្នុង​របៀប​ផ្សេងៗ ដោយ​ឥត​ប្រុង​ប្រៀប​ទុក​មុន ក៏មនុស្ស​ដែល​អនុវត្តនវានុវត្តន៍​ជា​ប្រចាំ​ដឹង​ថា​ ដំណើរ​ការបង្កើត​គំនិត​ត្រូវ​មាន​កត្តា​ចូល​រួម​ច្រើន​ណាស់។

 ទោះជាអ្នក​កំពុង​តែ​ត្រួស​ត្រាយ​ផ្លូវទៅ​រក​សហគ្រិន​ភាព ឬជាប់​ផុង​នៅក្នុង​អន្ទាក់​នៃស្ថាន​ភាព​ដដែលៗក៏យុទ្ធសាស្រ្ត​ទាំង​ប្រាំ​នេះ​អាច​ជួយ​បណ្តុះ​ផ្នត់គំនិត​នវានុវត្តន៍​បាន​ដែរ​៖

 

១/ បណ្តោយឱ្យបញ្ហារបស់​​អ្នក​ធ្វើ​ជា​ត្រីវិស័យ

មនុស្សដែលអនុវត្តនវានុវត្តន៍ និង​សហគ្រិន​ជា​​មនុស្សដែល​ផ្តោត​ចិត្ត​លើ​លទ្ធផល។ ទោះបី​ដំណោះ​ស្រាយរបស់​មនុស្ស​ទាំង​នេះបង្កើត​ចេញ​ទៅ​ជា ផលិត​ផល​ឬពាណិជ្ជកម្មក៏គ្រប់​ដំណោះ​ស្រាយ​ទាំង​អស់នោះ​ផ្តើម​ចេញមកពី​បញ្ហា​ដែលពួកគេបានជួប។ មនុស្ស​ដែល​ពូកែ​អនុវត្ត​នវានុវត្តន៍ នឹងកំណត់​និយម​ន័យ​បញ្ហា​យ៉ាង​ច្បាស់ និង​គិតគូរ​យ៉ាង​ល្អិត​ល្អន់​ មុន​ពេល​គេ​គិត​រឿង​ដោះស្រាយ។

 

២/ កុំបង្ខំការ​ជំរុញចិត្ត ប៉ុន្តែ​ត្រូវត្រៀម​ខ្លួន​ចាំ​ទទួលវិញ

មនុស្សពូកែខាងនវានុវត្តន៍​ដឹងថា គេមិន​អាច​រៀប​ចំ​ផែន​ការ​ទុកសម្រាប់​គំនិត​អស្ចារ្យ​នោះ​ទេ ពីព្រោះគ្មាន​នរណា​ដឹង​ថាកម្លាំង​ចិត្ត​នឹង​កើត​ឡើង នៅ​ពេល​ណា​។ ដូច្នេះកិច្ចការ​តែ​ម្យ៉ាង​គត់​ដែល​គេ​អាច​ធ្វើ​បាន​គឺ​ប្រុង​ប្រៀប និងត្រៀម​ខ្លួន​គ្រប់​ពេល។ នៅក្នុង​ពេល​ត្រៀម​ខ្លួន​នេះ ​អ្នក​មិនមែនថាមិនត្រូវធ្វើអ្វី​សោះ​នោះ​ទេ។ អ្នក​អាច​នឹង​ធ្វើសកម្មភាព​ផ្សេងៗ ដោយ​បើកចិ​ត្តរំពៃ​មើល​ឱកាស​ជុំវិញ​ខ្លួន។ កម្លាំង​ជំរុញ​ចិត្តនឹង​មិន​កើត​ឡើង​ក្នុង​របៀបដែល​អ្នកមិន​ដឹង​ខ្លួន​ទេ។

 

 

៣/ ដឹងថាអ្នក​កំពុង​តែ​ស្តាប់​ដើម្បីអ្វី

អ្នកចេះស្តាប់រួចទៅហើយ​ តាំង​ពីធំ​ដឹង​ក្តីមក ប៉ុន្តែ​ការស្តាប់​ដោយ​គ្មាន​គោល​ដៅ​កម្រផ្តល់​លទ្ធផល​ជា​ដុំ​កំភួន​ណាស់។ សូមរៀន​របៀប​ស្តាប់ ដោយ​មាន​បំណង។ មានមនុស្ស​និយាយ​ច្រើន​ណាស់នៅក្នុង​ពិភព​លោក​នេះទាំង​ក្នុង​បរិបទ​ផ្លូវ​ការ​និង​ក្រៅផ្លូវការ ប៉ុន្តែ​​អ្នក​ត្រូវ​បង្ហាត់ ឱ្យត្រចៀក​ខ្លួន​ឯង​ត្រង​ស្តាប់​តែ​ពាក្យសម្តី​ណា​ដែល​នាំទៅរក​គំនិត​ថ្មីៗ​ប៉ុណ្ណោះ។ ការចេះ​បែង​ចែក​រឿង​ដែល​សំខាន់​ពីរឿង​ឥត​ប្រយោជន៍ ជាជំនាញ​ចាំ​បាច់​ណាស់នៅក្នុង​សម័យ​ព័ត៌មាន​វិទ្យា​នេះ។

 

៤/ ធ្វើឱ្យកិច្ចការរបស់​អ្នក​ជា​ការ​បំពេញ​បន្ថែម មិន​មែន​ជា​ការ​ប្រជែង​ទេ

ការធ្វើជាមនុស្សពូកែខាងនវានុវត្តន៍ ឬសហគ្រិន​ជាជីវិតដែល​មាន​តម្រូវ​ការច្រើន​ណាស់។ ប៉ុន្តែ​តម្រូវ​ការច្រើន​មិនមែន​សុទ្ធតែ​ជារឿង​លំបាក​ ធ្វើ​ទាំង​អស់​នោះ​ទេ។ ​អ្នកអាច​ច្របាច់​បញ្ជី​ការ​ងារត្រូវធ្វើ​និង​​តួនាទី​បញ្ចូល​គ្នាហើយ​​ធ្វើ​ឱ្យផ្នែក​​ទាំង​ពីរនេះជួយ​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មកបាន​។ មនុស្ស​ភាគច្រើន​ចូល​ចិត្ត​គិត​រឿង​រ៉ាវ​ដាច់​ពី​គ្នា  និង​បែង​ចែក​ការងារ​ទៅ​តាម​ប្រភេទ​និង​ក្រុម​ផ្សេងៗ។ ប៉ុន្តែ​គំនិត​និង​គម្រោង​អាចលាយបញ្ចូល​​គ្នា បាន​យ៉ាង​ល្អ ហើយ​ក្នុង​ករណីខ្លះ​ទៀតក៏រីក​ចម្រើនដោយ​សារ​មាន​ទំនាក់​ទំនងជាមួយ​គ្នា​ទៀត​ផង។

 

៥/ កុំខ្ជិលឬសំងំនៅតែកន្លែងសុខស្រួល

នវានុវត្តន៍តម្រូវឱ្យ​មាន​សកម្មភាពហើយ​អ្នក​មិន​អាច​បណ្តោយ​ខ្លួន​ឯងឱ្យសំងំ​នៅតែ​កន្លែង​ងាយ​ស្រួល​បាន​ទេបើអ្នក​ចង់​រីក​ចម្រើន។ ជាក់​ស្តែង ​អ្នក​ត្រូវហ៊ាន​គិត​ធំដើម្បីរាវរក​នវានុវត្តន៍ ប៉ុន្តែ​​អ្នក​ក៏​មិន​អាចព្រងើយ​កន្តើយ​នឹង​កិច្ច​ការ​លម្អិតគ្រប់​ជ្រុង​ជ្រោយ​ដែរ។ មនុស្ស​នឹង​កត់​សម្គាល់​ឃើញ សូម្បី​តែ​កំហុស​តូច​តាច ឬកង្វះ​ខាត​អ្វី​មួយ។ នៅពេល​ដែល​អ្នក​និយាយ​ថា “កុំបារម្ភអីអ្នកប្រើ​ប្រាស់​នឹងមើល​មិន​ឃើញ​បញ្ហា​នេះ​ទេ” មានន័យ​ថា​​អ្នក​ខ្ជិល​និងខ្ជីខ្ជា​ចំពោះ​ការងារ​ហើយ។

 

ប្រែសម្រួល​៖ វេហា

ប្រភព៖ Success

មតិយោបល់