អ្នកនិពន្ធល្បីឈ្មោះខាងវិទ្យាសាស្រ្តជោគជ័យលោក Napoleon Hill ធ្លាប់និយាយថា “សមិទ្ធផលអស្ចារ្យច្រើនតែកើតចេញពីពលិកម្ម និងមិនមែនជាលទ្ធផលនៃភាពអាត្មានិយមទេ។” សូម្បីតែតារាចម្រៀង Beyoncé Knowles ក៏ធ្លាប់និយាយដែរថា “អំណាចមានន័យថា ជាការប្រឹងប្រែងនិងការលះបង់។” នៅក្នុងជីវិតផ្ទាល់ខ្លួនប្រហែលម្តាយឪពុកឬនរណាម្នាក់ក៏ធ្លាប់ប្រាប់អ្នកដែរថា កអ្នកត្រូវតែហ៊ានលះបង់រឿងខ្លះ ក្នុងជីវិតដើម្បីបន្តដំណើរទៅមុខ។ ជារួមមានមនុស្សច្រើននាក់ណាស់ដែលជឿនិងអនុវត្តតាមទ្រឹស្តីនេះ។
យោងតាមការសិក្សាមួយមានមនុស្ស៣៨ភាគរយបន្តធ្វើការក្រោយពេលគេចេញផុតពីការិយាល័យទៅហើយ។ ក្រុមអ្នកដឹកនាំប្រហែលពាក់កណ្តាលនៅក្នុងពាណិជ្ជកម្មគ្រប់ប្រភេទទាំងអស់ធ្វើការលើសពី៤០ម៉ោងក្នុងមួយសប្តាហ៍។ ទោះជាការពិត ជោគជ័យតម្រូវឱ្យមានការលះបង់ ក៏ជីវិតក្រៅពីការងារមិនគួរមានការលះបង់ដែរទេ។ ដើម្បីទទួលបានជោគជ័យពិតប្រាកដអ្នកត្រូវតែធានាឱ្យបានថា ផ្នែកទាំងអស់នៃជីវិតរបស់អ្នកទទួលបានការយកចិត្តទុកដាក់ឱ្យបានពេញលេញ៖
១/ សុខភាព
បើអ្នកមិនមានសុខភាពទេអ្នកនឹងមិនមានអ្វីទាំងអស់។ ដូច្នេះការថែរក្សារាងគួរតែជាអាទិភាពលេខមួយ។ អ្នកងាយនឹងបណ្តោយឱ្យអារម្មណ៍តានតឹងនិងភាពរវល់ប្រចាំថ្ងៃពង្វក់និងរំខានដល់ពេលវេលាគិតគូរចំពោះសុខភាពណាស់។ អារម្មណ៍តានតឹងមានទំនោរកើតឡើងបន្តិចម្តងៗដែលលំបាកកត់សម្គាល់ពេលចាប់ផ្តើមពិតប្រាកដរបស់វា។ ប៉ុន្តែនៅពេលរោគសញ្ញាមកដល់ អ្នកមិនអាចព្រងើយកន្តើយបានទៀតទេ។ កំណត់ពេលវេលាសម្រាប់សុខភាព និងបន្តធ្វើឱ្យបានទៀងទាត់ដែលមានទាំងលំហាត់ប្រាណប្រចាំថ្ងៃអាហារដែលល្អសម្រាប់សុខភាព និងពេលវេលាកម្សាន្តបន្ទាប់ពីការងារ។
២/ គ្រួសារ
យោងតាមមេធាវីជំនាញខាងគ្រួសារនិងការលែងលះប្តីប្រពន្ធ សម្ពាធអារម្មណ៍ពីការងារនិងកាតព្វកិច្ចជាហេតុផលមួយក្នុងចំណោមហេតុផលទាំងប្រាំដែលនាំទៅរកការលែងលះគ្នា។ នៅពេលដែលប្តីឬប្រពន្ធមានតម្រូវការខ្លាំងចំពោះការងាររឿងនេះអាចនឹងនាំទៅរកការកាត់បន្ថយចំណងគ្រួសារបន្តិចម្តងៗ។ ហេតុដូច្នេះហើយ ការបង្កើតពេលវេលាសម្រាប់ការងារនិងជីវិតផ្ទាល់ខ្លួនឱ្យដាច់ស្រឡះពីគ្នាជារឿងចាំបាច់ណាស់ គឺពេលមកដល់ផ្ទះត្រូវផ្តោតលើរឿងគ្រួសារដោយមិនខ្វល់រឿងការងារដែលធ្វើហើយឬមិនហើយ ឬមានបញ្ហាអ្វីខ្លះនៅក្នុងកន្លែងការងារក៏ដោយ។ លើសពីនេះទៅទៀតសូមទុកឧបករណ៍ទាក់ទងនៅឱ្យឆ្ងាយនិងផ្តោតលើការនិយាយគ្នាចំពោះមុខព្រមទាំងសកម្មភាពផ្សេងទៀតក្នុងគ្រួសារ។
៣/ ចំណង់ចំណូលចិត្ត
មនុស្សយើងភាគច្រើនបណ្តោយខ្លួនឯងឱ្យទទួលយកអត្តសញ្ញាតាមរយៈការងារ ប៉ុន្តែការងារគួរតែជាចំណែកមួយប៉ុណ្ណោះរបស់អ្នកគឺមិនមែនជាជីវិតរបស់អ្នកទាំងមូលនោះទេ។ ហេតុដូច្នេះហើយសូមធ្វើយ៉ាងណាបង្កើតនិងបង្កើនចំណង់ចំណូលចិត្តផ្ទាល់ខ្លួនឱ្យបានច្រើន ក្រៅពីការងារដូចជា ការលេងកីឡា ការដើរកម្សាន្ត និងសកម្មភាពគ្រួសារផ្សេងៗទៀត។ សូមរក្សាចិត្តនិងរាងកាយឱ្យសកម្មជានិច្ច។ ការធ្វើបែបនេះនឹងជួយអ្នកកាត់បន្ថយអារម្មណ៍តានតឹងនិងត្រឡប់ទៅធ្វើការងារវិញដោយអារម្មណ៍ស្រស់ស្រាយ។ លើសពីនេះទៀតអ្នកនឹងមានរឿងរ៉ាវផ្សេងៗក្រៅពីការងារដើម្បីនិយាយគ្នា។
៤/ ទំនាក់ទំនង
ទំនាក់ទំនងដែលអ្នកបង្កើតឡើងតាមរយៈការងារជារឿងផ្ទាល់ខ្លួនរបស់អ្នកមិនមែនជាទំនាក់ទំនងរបស់និយោជកនោះទេ។ ហើយអ្នកត្រូវរក្សាទំនាក់ទំនងនេះដើម្បីភាពងាយស្រួលទៅថ្ងៃខាងមុខទៀត បើទោះជាអ្នកលាឈប់ធ្វើការពីកន្លែងនោះហើយក៏ដោយ។ បង្កើតពេលវេលាដើម្បីហៅទូរស័ព្ទ ឬផ្ញើសារខ្លះទៅសួរសុខទុក្ខអតិថិជន ឬកំណត់ពេលវេលាជួបគ្នាទទួលទានអាហារ ដោយមិនចាំបាច់តែទាក់ទងនឹងរឿងការងារនោះទេ។ ការងារជាចំណុចចាប់ផ្តើមនៃទំនាក់ទំនង ប៉ុន្តែនៅពេលចំណងទំនាក់ទំនងបង្កើតឡើងហើយគេស្គាល់អ្នកជាងស្គាល់ការងាររបស់អ្នក។
៥/ ភាពសុចរិត
ប្រកាន់ខ្ជាប់ចំពោះអ្វីដែលអ្នកជឿជាក់ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ហើយសកម្មភាពរបស់អ្នកត្រូវតែត្រូវគ្នានឹងជំនឿនោះ។ បើមាននរណាម្នាក់ប្រាប់អ្នកឱ្យធ្វើកិច្ចការអ្វីមួយដែលមិនស្របនឹងសីលធម៌ ឬភាពសុចរិតរបស់អ្នក សូមមានភាពក្លាហានក្នុងការបដិសេធហើយពិចារណាមើលថា អ្នកគួរតែរក្សាទំនាក់ទំនងជាមួយបុគ្គលនោះតទៅមុខទៀតឬយ៉ាងណា។ សម្ពាធអារម្មណ៍ ដែលកើតឡើងពីការងារហួសពីព្រំដែននៃសុចរិតភាពរបស់អ្នកមានទម្ងន់ខ្លាំងណាស់៕
ប្រែសម្រួល៖ វេហា
ប្រភព៖ Entrepreneur