បើសមត្ថភាពគ្រប់គ្រងអារម្មណ៍របស់អ្នកមិននៅក្នុងដៃទេ បើអ្នកមិនមានការដឹងខ្លួនឯងទេ បើលោកអ្នកមិនអាចគ្រប់គ្រងអារម្មណ៍រងសម្ពាធរបស់ខ្លួនឯងទេ បើលោកអ្នកមិនអាចមានចិត្តនិងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពទេ ទោះជាអ្នកពូកែយ៉ាងណាក៏អ្នកមិនអាចសម្រេចជោគជ័យធំដុំនិងទៅបានឆ្ងាយក្នុងជីវិតនោះទេ។
នេះជាការអះអាងរបស់លោក Daniel Goleman អ្នកនិពន្ធនិងជាអ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំល្បីឈ្មោះដែលបានសរសេរសៀវភៅ Emotional Intelligence: Why It Can Matter More Than IQ។ លោក Goleman បានប្តេជ្ញាក្នុងការសរសេរសៀវភៅនេះដើម្បីស្វែងរកគន្លឹះដែលធ្វើឱ្យមនុស្សទទួលបានជោគជ័យ។ ដូចមានការបង្ហាញនៅលើចំណងជើងសៀវភៅនោះស្រាប់ ប្រាជ្ញាអារម្មណ៍ជាកត្តារុញច្រានមនុស្សម្នាក់ឱ្យសម្រេចបានភាពអស្ចារ្យ។
តើអ្វីទៅជាប្រាជ្ញាអារម្មណ៍? ព្រឹត្តិបត្ត Psychology Today ពន្យល់ថា៖
-ជាសមត្ថភាពកំណត់ដឹងអារម្មណ៍ខ្លួនឯង និងអារម្មណ៍អ្នកដទៃបានត្រឹមត្រូវ
-ជាសមត្ថភាពប្រើប្រាស់អារម្មណ៍ នៅក្នុងកិច្ចការដូចជាការគិតនិងការដោះស្រាយបញ្ហា
-ជាសមត្ថភាពគ្រប់គ្រងអារម្មណ៍ដោយរួមទាំងការគ្រប់គ្រងអារម្មណ៍ខ្លួនឯង និងការចេះធ្វើឱ្យអ្នកដទៃត្រជាក់ចិត្ត
សញ្ញាណនៃប្រាជ្ញាអារម្មណ៍មានតាំងពីទសវត្ស១៩៩០មកម៉្លេះ ប៉ុន្តែលោក Goleman បានសិក្សាសញ្ញាណនេះយ៉ាងស៊ីជម្រៅ ហើយរកឃើញទំនាក់ទំនងដោយផ្ទាល់រវាងប្រាជ្ញាអារម្មណ៍របស់បុគ្គលិកក្នុងក្រុមហ៊ុនមួយជាមួយនឹងជោគជ័យរបស់ក្រុមហ៊ុននោះ៖
-បុគ្គលិកដែលមានកម្រិតប្រាជ្ញាអារម្មណ៍ខ្ពស់មានការដឹងខ្លួនឯងដែលអាចជួយគេឱ្យយល់ទុក្ខធុរៈអ្នកធ្វើការជាមួយគ្នានិងធ្វើការរួចរាល់តាមពេលកំណត់។
-នៅពេលមនុស្សមានប្រាជ្ញាអារម្មណ៍ខ្ពស់គេមិនខ្វល់រឿងរិះគន់ពីអតិថិជនទេ គេនៅតែផ្តោតចិត្តលើលទ្ធផលជាជាងគិតសញ្ជឹងតែលើអារម្មណ៍មិនល្អ។
-បើបេក្ខភាពជនពីរនាក់ដាក់ពាក្យមកធ្វើការហើយមានកម្រិតប្រាជ្ញាស្មើគ្នា បេក្ខជនដែលមានប្រាជ្ញាអារម្មណ៍ខ្ពស់នឹងធ្វើការបានប្រសើរជាង។
តើអ្នកនៅតែមិនទាន់ដឹងថា ត្រូវកត់សម្គាល់ប្រាជ្ញាអារម្មណ៍ ដោយរបៀបណាមែនទេ? លក្ខណៈសម្បត្តិមួយចំនួននៃមនុស្សដែលមានប្រាជ្ញាអារម្មណ៍ខ្ពស់៖
១/ ជាភ្នាក់ងារនៃការផ្លាស់ប្តូរ
មនុស្សដែលមានប្រាជ្ញាអារម្មណ៍ខ្ពស់មិនខ្លាចការផ្លាស់ប្តូរទេ។ តាមពិតទៅគេយល់ថាការផ្លាស់ប្តូរជារឿងចាំបាច់នៃជីវិត ហើយគេក៏ត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីបត់បែនតាមការផ្លាស់ប្តូរទាំងអស់ក្នុងជីវិត។
២/ ជាមនុស្សដែលស្គាល់ខ្លួនឯង
គេដឹងថាគេពូកែធ្វើអ្វីខ្លះ និងដឹងថាគេត្រូវរៀនបន្ថែមផ្នែកណាខ្លះទៀត។ ចំណុចខ្សោយមិនបានរារាំងដំណើរជីវិតរបស់គេទេ។ គេដឹងថាបរិស្ថានរបៀបណាដែលជួយដល់របៀបធ្វើការរបស់គេឱ្យទទួលបានលទ្ធផលកម្រិតខ្ពស់បំផុត។
៣/ ជាមនុស្សមានសមានចិត្ត
លក្ខណៈពិសេសរបស់ប្រាជ្ញាអារម្មណ៍គឺការមានសមត្ថភាពដើម្បីភ្ជាប់ជាមួយអ្នកដទៃធ្វើឱ្យអ្នកដទៃមានសារៈសំខាន់នៅក្នុងកន្លែងធ្វើការ។ តាមរយៈសមត្ថភាពពីខាងក្នុងដើម្បីយល់ដឹងអំពីអ្វីដែលសហការីនិងអតិថិជនកំពុងតែគិតគេអាចដោះស្រាយបញ្ហាលំបាកៗបានយ៉ាងងាយ។
៤/ មិនមែនជាមនុស្សល្អឥតខ្ចោះ
មនុស្សមានប្រាជ្ញាអារម្មណ៍ខ្ពស់តែងតែព្យាយាមធ្វើការយ៉ាងយកចិត្តទុកដាក់ គេក៏ដឹងដែរថាភាពល្អឥតខ្ចោះមិនមែនជាការពិតទេ។ គេជម្នះធ្វើការយ៉ាងលំបាក និងរៀនពីកំហុសគ្រប់យ៉ាង។
៥/ ជាមនុស្សដែលមានតុល្យភាព
ការស្គាល់ខ្លួនឯងរបស់គេមានន័យថា គេជាមនុស្សដែលដឹងអំពីសារៈសំខាន់ និងចេះរក្សាតុល្យភាពរវាងជីវិតផ្ទាល់ខ្លួននិងវិជ្ជាជីវៈ។ គេទទួលទានអាហារត្រឹមត្រូវ គេងបានគ្រប់គ្រាន់ និងមានចំណង់ចំណូលចិត្តផ្ទាល់ខ្លួនក្រៅពីការងារ។
៦/ ជាមនុស្សចង់ចេះចង់ដឹង
អារម្មណ៍ស្ញប់ស្ញែងនិងចិត្តចង់ចេះចង់ដឹងធ្វើឱ្យមនុស្សមានប្រាជ្ញាអារម្មណ៍ខ្ពស់រស់នៅចុះសម្រុងក្នុងបរិស្ថានគ្រប់ប្រភេទ។ គេមិនចូលចិត្តវាយតម្លៃអ្នកដទៃឬអ្វីៗត្រឹមតែសំបកក្រៅ ប៉ុន្តែគេចូលចិត្តស្វែងរកមើលលទ្ធភាពផ្សេងៗ។ គេសួរសំណួរនិងបើកចិត្តទូលាយចំពោះដំណោះស្រាយថ្មីៗ។
៧/ ជាមនុស្សថ្លៃថ្នូរ
មនុស្សដែលមានប្រាជ្ញាអារម្មណ៍ខ្ពស់ដឹងថាថ្ងៃនីមួយៗនាំរឿងល្អៗដែលគួរដល់ការដឹងគុណរបស់គេ ហើយគេមិនមើលពិភពលោកនេះក្នុងរបៀបមនុស្សទុទិដ្ឋិនិយមទេ។ គេមានអារម្មណ៍ល្អចំពោះជីវិតរបស់គេនិងមិនបណ្តោយឱ្យការរិះគន់ពីអ្នកដទៃរំខានអារម្មណ៍របស់គេទេ។
ប្រែសម្រួល៖ វេហា
ប្រភព៖ Success