បំនិនអាជីវកម្ម | February 24, 2023

ប្រើវិធីសាស្ត្រទាំងបួននេះដើម្បីទាញយកទេព្យកោសល្យរបស់អ្នកមកប្រលូកក្នុងសង្គមពាណិជ្ជកម្ម

មនុស្សភាគច្រើនមិនដឹងថាខ្លួនឯងមានទេពកោសល្យអ្វីឲ្យពិតប្រាកដនោះទេ ព្រោះជាទូទៅទេពកោសល្យតែងកប់ជ្រៅនៅក្នុងសន្តានចិត្តរបស់យើង។ តាមពិតទេពកោសល្យលាក់ខ្លួននោះជាអ្វីដែលផុសចេញមកតាមរបៀបធម្មជាតិនៅពេលដល់កាលៈទេសៈដែលចាំបាច់។ ប៉ុន្តែអ្នកត្រូវតែឱបក្រសោបឲ្យជាប់នៅពេលអ្នកស្គាល់ពីទេព្យកោសល្យរបស់អ្នកច្បាស់ហើយ និងត្រូវយកវាទៅច្របាច់បញ្ចូលក្នុងអាជីពរបស់អ្នក។

 

 

នៅពេលអ្នកកំណត់ដឹងទេពកោសល្យផ្ទាល់ខ្លួនហើយ អ្នកនឹងបោះមួយជំហានដ៏ធំឆ្ពោះទៅរកការបង្កើតអាជីពមួយដ៏ជោគជ័យ។ ការយកទេពកោសល្យមកប្រើប្រាស់គឺជាដំណើរការដែលតម្រូវឱ្យអ្នកអភិវឌ្ឍកុំឈប់ឈរ។ សូមកុំអស់សង្ឃឹម ព្រោះអ្នកត្រូវការពេលខ្លះដើម្បីផ្សាំខ្លួននឹងទម្លាប់ថ្មីនេះ ប៉ុន្តែវានឹងនាំអ្នកទៅដល់ចំណុចមួយដែលអ្នកមិនធ្លាប់នឹកដល់ពីមុនមក។ 

 

វិធីសាស្រ្ត៤យ៉ាងដើម្បីប្រើប្រាស់ទេពកោសល្យរបស់អ្នកឲ្យមានប្រសិទ្ធភាព៖

 

១/ រៀបផែនការ

ធ្វើការងារដែលអ្នកស្រឡាញ់មិននាំទៅរកទ្រព្យសម្បត្តិស្តុកស្តម្ភដោយស្វ័យប្រវត្តិទេ។ ការពិតគឺអ្នកត្រូវមានទស្សនវិស័យច្បាស់លាស់និងវែងឆ្ងាយទាក់ទងនឹងអ្វីដែលអ្នកចង់បានក្នុងជីវិតនេះ។​ហើយអ្នកត្រូវតាំងចិត្តបង្កើតមធ្យោបាយទៅសម្រេចទស្សនវិស័យនោះ។

 

២/ ជម្នះឧបសគ្គ បង្កើនការព្យាយាម

នៅពេលអ្នករកឃើញទេពកោសល្យពិតប្រាកដហើយ សូមផ្តោតចិត្តព្យាយាមដុសខាត់ និងជម្នះរាល់ឧបសគ្គដែលរាំងផ្លូវទាំងអស់។ អ្នកគួរបង្កើតតារាងរៀបរាប់ចំណុចខ្លាំងរបស់ខ្លួនឯង និងកំណត់មាគ៌ាអាជីពដែលពាក់ព័ន្ធនឹងជំនាញឬទេពកោសល្យទាំងនោះ។

 

៣/ បង្កើតមហិច្ឆតាដែលគ្មានអ្វីរារាំងបាន

ដើម្បីបង្កើតមហិច្ឆតាគេត្រូវការរូបមន្តមួយដែលមានកត្តា៤ចូលរួមគឺ រៀន រក ជំនួយ ជម្នះ។ នេះជាដំណាក់កាលដែលលោកអ្នកត្រូវសម្រេចចិត្តឈប់ធ្វើការដើម្បីប្រាក់ខែ តែត្រូវហ៊ានលះបង់ដើម្បីធ្វើការផ្ទាល់ខ្លួន។

 

៤/ បរាជ័យបង្កើតជោគជ័យ

មិនខ្វល់ថាអ្នកមានទេពកោសល្យអ្វីឬផែនការបែបណានោះទេ តែអ្វីដែលសំខាន់គឺត្រូវផ្តោតចិត្តលើការងារដែលអ្នកកំពុងធ្វើ។ ជណ្តើរទៅរកលុយមាននៅពេលដែលមានការផ្លាស់ប្តូរទំនិញនិងសេវាកម្ម ហើយគោលដៅរបស់អ្នកគួរតែទៅឱ្យដល់ទីបំផុតនៃជណ្តើរនោះ។ កំណត់មាគ៌ាប្រាក់ចំណូលអនាគតរបស់អ្នក រួចគិតរកមធ្យោបាយទៅឱ្យដល់គោលដៅ៕

 

ប្រែសម្រួល ៖ វេហា

ប្រភព ៖ Entrepreneur

មតិយោបល់