សូម្បីតែការងារល្អបំផុតក្នុងលោកនេះក៏អាចនាំទៅរកបញ្ហាដែរបើអ្នកធ្វើហួសកម្រិត។ ពេលអ្នកខិតខំធ្វើការកាន់តែច្រើនអ្នកនឹងមានកម្លាំងចិត្តកាន់តែខ្លាំងឆ្ពោះទៅរកជោគជ័យ ហើយក្នុងពេលជាមួយគ្នានោះអ្នកក៏ងាយភ្លេចខ្លួនដែរ។
អត្រារីករាលដាលនៃមនុស្សធ្វើការលើសកម្រិតកំពុងតែកើនឡើងយ៉ាងរហ័ស ខណៈដែលបច្ចេកវិទ្យាកាន់តែជួយធ្វើឱ្យស្រពិចស្រពិលបន្ទាត់ព្រំដែនរវាងការងារនិងជីវិតផ្ទាល់ខ្លួន។ ការសិក្សាថ្មីមួយក្នុងសហរដ្ឋអាមេរិកបានរាយការណ៍ថា៖
-៤៨ភាគរយនៃពលរដ្ឋអាមេរិកជួបបញ្ហាអារម្មណ៍តានតឹងកាន់តែខ្ពស់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ
-៣១ភាគរយនៃកម្លាំងពលកម្មមានបញ្ហាលំបាកគ្រប់គ្រងការងារនិងទំនួលខុសត្រូវក្នុងគ្រួសារ
-៥៣ភាគរយនៃបុគ្គលិកតាមស្ថាប័នការងារនិយាយថា ការងារធ្វើឱ្យពួកគេនឿយហត់លើសពីការរំពឹងទុក
ចំណែកការស្ទង់មតិរបស់សមាគមគ្រប់គ្រងធនធានមនុស្សក៏បានរកឃើញដែរថា ការងារលើសកម្រិតជាហេតុផលមួយក្នុងចំណោមហេតុផលចម្បងទាំងប្រាំដែលនាំឱ្យមនុស្សលាឈប់ពីការងារ។
ការងារលើសកម្រិតអាចនឹងបំផ្លាញអ្នក បើទោះជាអ្នកមានចំណង់ចំណូលចិត្តក្នុងការងារនោះយ៉ាងណាក៏ដោយ។ លោកស្រី Arianna Huffington បានជួបបទពិសោធន៍នេះ ផ្ទាល់នៅពេលលោកស្រីស្ទើរតែបាត់បង់ភ្នែកម្ខាង។ លោកស្រីនឿយហត់យ៉ាងខ្លាំងចំពោះការងាររហូតដល់សន្លប់ផ្កាប់មុខលើតុ។ ពេលនោះលោកស្រីបានបាក់ឆ្អឹងថ្ពាល់ និងត្រូវដេរភ្នែកចំនួនបួនធ្នេរ។
ការងារហួសកម្រិតច្រើនតែជាលទ្ធផលនៃការមិនស្របគ្នារវាងការប្រឹងប្រែងនិងលទ្ធផលគឺកើតឡើងនៅពេលអ្នកយល់ថាខំប្រឹងខ្លាំងលើសពីការទទួលបានពីការងារនោះ។ ពេលខ្លះរឿងនេះកើតឡើងនៅពេលការងារនោះ មិនសូវមានប្រយោជន៍ច្រើនប៉ុន្តែភាគច្រើនរឿងនេះកើតឡើងដោយសារអ្នកមិនយកចិត្តទុកដាក់ថែរក្សាខ្លួនឯង។ មុននឹងអ្នកអាចព្យាយាល ឬបញ្ជៀសស្ថានភាពធ្វើការលើសកម្រិតអ្នកត្រូវស្គាល់សញ្ញាព្រមានមួយចំនួន៖
១/ បញ្ហាសុខភាព
ការងារលើសកម្រិតមានផលប៉ះពាល់អវិជ្ជមានខ្លាំងលើសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តរបស់អ្នក។ ទោះជាលោកមានបញ្ហាឈឺខ្នង ឈឺចង្កេះ សម្ពាធជំងឺបេះដូង អារម្មណ៍ ធាត់ជ្រុល ឬក៏មានជំងឺទូទៅញឹកញាប់ក៏ដោយ អ្នកត្រូវពិចារណាតួនាទីការងារដែលអ្នកកំពុងធ្វើ។ អ្នកនឹងដឹងថា ពេលណាការងារលើសកម្រិតប៉ះពាល់ដល់សុខភាពរបស់អ្នក ហើយអ្នកត្រូវសម្រេចចិត្តថា តើរបៀបដែលអ្នកធ្វើការសមនឹងលទ្ធផលដែលទទួលបានមកវិញឬទេ។
២/ បញ្ហាលំបាកគិត
ការសិក្សាស្រាវជ្រាវបានបង្ហាញថា អារម្មណ៍តានតឹងប៉ះពាល់ដល់ផ្នែកខួរក្បាលដែលបំពេញការងារ។ ការងារដែលមានតួនាទីជាអ្នកដឹកនាំមានផលប៉ះពាល់លើការចងចាំ សមត្ថភាពសម្រេចចិត្ត ការគ្រប់គ្រងអារម្មណ៍ និងការផ្តោតចិត្ត។ នៅពេលអ្នកកត់សម្គាល់ឃើញថា អ្នកសម្រេចចិត្ត មិនបានល្អ ភ្លេចរឿងរ៉ាវច្រើន មានបញ្ហាផ្លូវអារម្មណ៍ និងពិបាកសម្រេចចិត្ត សូម្បីតែរឿងតូចតាចវាអាចជាសញ្ញាប្រាប់ថា អ្នកកំពុងតែធ្វើការច្រើនជ្រុលហើយ។
៣/ លំបាកក្នុងទំនាក់ទំនងការងារនិងរឿងផ្ទាល់ខ្លួន
សម្ពាធអារម្មណ៍ប៉ះពាល់ដល់កិច្ចការគ្រប់យ៉ាងដែលអ្នកធ្វើជាពិសេសប៉ះពាល់ បៀបដែលអ្នកប្រតិកម្មជាមួយមនុស្សទូទៅ។ សូម្បីតែនៅពេលអ្នកមានអារម្មណ៍ថា អ្នកអាចគ្រប់គ្រងសម្ពាធអារម្មណ៍ទាំងនោះនៅកន្លែងធ្វើការក៏ដោយ ក៏វាអាចនឹងធ្លាយនៅផ្ទះបានដែរ។ ជាទូទៅគឺទំនាក់ទំនងក្នុងគ្រួសាររបស់អ្នកទេដែលរងគ្រោះពីសម្ពាធអារម្មណ៍ទាំងនោះ។ សម្ពាធអារម្មណ៍ធ្វើឱ្យមនុស្សជាច្រើនមើលឃើញអ្នកដទៃក្នុងផ្លូវអវិជ្ជមាន និងបង្កើតទំនាស់ក្នុងពេលមិនចាំបាច់។ ចំណែកបញ្ហាសម្ពាធអារម្មណ៍ខ្លះទៀតរុញច្រានអ្នករងសម្ពាធនោះឱ្យជៀសវាងនិងលែងខ្វល់ខ្វាយ ចំពោះមនុស្សដែលគេធ្លាប់យកចិត្តទុកដាក់។
៤/ យកការងារទៅបន្តធ្វើនៅផ្ទះ
អ្នកប្រហែលធ្លាប់ដឹងអារម្មណ៍មិនស្រួលខ្លួននៅពេលគេងលើគ្រែ ហើយគិតដល់ការងារដែលអ្នកធ្វើមិនទាន់ហើយ និងរំពឹងថាអ្នកមិនបានភ្លេចកិច្ចការដែលសំខាន់។ នៅពេលអ្នកមិនអាចបញ្ឈប់ការគិតដល់ការងារបាននៅពេលទៅដល់ផ្ទះហើយនេះជាសញ្ញាយ៉ាងច្បាស់ដែលបញ្ជាក់ថាអ្នកកំពុងតែធ្វើការលើសកម្រិតហើយ។ មិនត្រឹមតែគិតដល់រឿងការងារពេលទៅដល់ផ្ទះហើយនោះទេ មនុស្សខ្លះទៀតថែមទាំងស្ពាយការងារទៅបន្តធ្វើនៅផ្ទះទៀតផងដែលកាន់តែជះឥទ្ធិពលមិនល្អលើសមាជិកគ្រួសារ និងបង្កើតបរិស្ថានអាក្រក់នៅក្នុងផ្ទះទៀតផង។
៥/ ការងារលើសកម្រិតច្រើនតែនាំទៅរកការខ្សោះអស់កម្លាំង
ដោយសារទម្ងន់នៃសម្ពាធអារម្មណ៍នៅលើចិត្តនិងរាងកាយរបស់អ្នក។ លក្ខណៈសម្គាល់ជាទូទៅនៃការខ្សោះអស់កម្លាំងពីការងារលើសកម្រិត គឺពេលក្រោកពីដំណេក ហើយមិនមានថាមពលគ្រប់គ្រាន់ដើម្បីចាប់ផ្តើមធ្វើការ។ បញ្ហានេះក៏អាចកើតមានដោយសារការទទួលទានសារធាតុ កាហ្វេអ៊ីនច្រើននៅក្នុងពេលព្យាយាមបំពេញការងារ ឬមានបញ្ហាពិបាកផ្តោតអារម្មណ៍លើការងារ។
៦/ គំនិតអវិជ្ជមាន
ការធ្វើការលើសកម្រិតអាចប្រែក្លាយទៅជាអវិជ្ជមានយ៉ាងខ្លាំងបើទោះជាអ្នកជាមនុស្សវិជ្ជមានក៏ដោយ។ បើអ្នកឃើញថា ខ្លួនឯងកំពុងតែធ្លាក់ចុះក្នុងផ្លូវអវិជ្ជមាន ឪដូចជាចូលចិត្តវាយតម្លៃអ្នកដទៃ និងមានអារម្មណ៍ខ្វះហេតុផល នេះជាសញ្ញាយ៉ាងច្បាស់ថាគំនិតអវិជ្ជមានបានគ្របដណ្តប់ លើជីវិតរបស់លោកអ្នកហើយ។
៧/ លែងសូវពេញចិត្តនឹងខ្លួនឯង
ការងារលើសកម្រិតស្ទើរ ឪតែនាំទៅរកអារម្មណ៍លែងពេញចិត្តនឹងស្នាដៃខ្លួនឯងទាំងអស់។ គម្រោងនិងមនុស្សដែលធ្លាប់តែធ្វើឱ្យលោកអ្នករភើបចិត្តបែរជាលែងមានន័យអ្វីទាំងអស់។ ការធ្លាក់ចុះនៃអារម្មណ៍ពេញចិត្តនេះធ្វើឱ្យមានភាពលំបាកខ្លាំងក្នុងការបំពេញការងារប្រចាំថ្ងៃ ទោះជាអ្នកខិតខំធ្វើការយ៉ាងណា ក៏អ្នកមិនមានអារម្មណ៍ថា ទទួលបានលទ្ធផលច្រើនធ្វើឱ្យពេញចិត្តឡើយ៕
ប្រែសម្រួល៖ វេហា
ប្រភព៖ Entrepreneur