បំនិនអាជីវកម្ម | February 23, 2023

តើសេដ្ឋីនិងមហាសេដ្ឋីមានលក្ខណៈសម្បត្តិខុសគ្នាត្រង់ចំណុចណាខ្លះ?

នៅក្នុងភ្នែកមនុស្ស​ទូទៅសេដ្ឋី​និង​មហាសេដ្ឋី​ហាក់​ដូច​ជា​ស្រដៀង​គ្នាគឺមនុស្ស​ដែល​មាន​លុយ​ច្រើនលើស​ពី​មនុស្ស​ភាគ​ច្រើន ហើយ​ពួកគេ​មិន​ចាំ​បាច់​ខ្វល់​ខ្វាយរឿងខ្វះ​លុយ​ចាយ​ទៀត​ទេ។ លើស​ពីនេះ​ទៅទៀត ដោយ​សារ​ហសគ្រិន​ភាព​តែង​តែ​ជា​ផ្លូវ​ទៅ​រក​ការ​ប្រមូល​ទ្រព្យ​សម្បត្តិ ទាំង​សេដ្ឋី​និង​មហាសេដ្ឋី​ប្រហែល​បាន​ដើរ​ផ្លូវដូច​គ្នា។ ប៉ុន្តែបើទោះ​ជាមាន​ភាព​ស្រដៀង​គ្នា​ច្រើន​យ៉ាង​ណា ក៏ការ​ពិត​មនុស្ស​ទាំង​ពី​ប្រភេទនេះ មាន​លក្ខណៈ​ខុស​គ្នា​ជាច្រើន​។

 

 

 

ចំណុចខុសគ្នា​​ទីមួយស្ថិត​នៅត្រង់​តួលេខគឺមនុស្ស​ដែល​មាន​លុយ​ខ្ទង់​លាន​ដុល្លារគេហៅ​ថា​ជាសេដ្ឋី ចំណែក​មហាសេដ្ឋី​វិញ​ទាល់តែ​មាន​លុយ​មួយពាន់​លាន​ដុល្លារគឺមួយ​លានដុល្លារ​ចំនួន​មួយ​ពាន់​ដង មានន័យថាមហា​សេដ្ឋី​ម្នាក់​​អាចនឹងមានទ្រព្យស្មើ​​សេដ្ឋីមួយ​ពាន់​នាក់។ ឬមួយ​បើប្រៀប​ធៀប​ឱ្យស្មុគ​ស្មាញ​ជាង​នេះ​បន្តិច១លាន​វិនាទី​ស្មើនឹង​១១ថ្ងៃ​កន្លះ ចំណែកមួយ​ពាន់​លាន​វិនាទី​វិញស្មើនឹង​៣១​ឆ្នាំ​កន្លះ។

 

យោងតាមរបាយ​ការណ៍របស់​បណ្តាញ​ផ្សព្វផ្សាយ​ CNBC នៅលើភព​ផែនដី​នេះមាន​មហាសេដ្ឋី​ចំនួ​ន ​២២០០​ នាក់។ ក្នុង​ចំណោម​មហាសេដ្ឋី​ទាំងនេះមាន​ខ្លះ​ទទួល​មរតក​បន្ត​ពីគ្រួសារ ហើយ​កំពូល​មហាសេដ្ឋី​ខ្លះ​ទៀតខិតខំ​ប្រឹង​ប្រែង​ដោយ​ខ្លួន​ឯងចេញពី​បាត​ដៃ​ទទេ។ ដូច្នេះហើយ​តើមាន​កត្តាអ្វីដែល​បែង​ចែក​កំពូល​សហគ្រិនជោគជ័យ​ទាំង​នេះពីសេដ្ឋី​ទូទៅដែលគេ​ចាត់​ទុក​ថា ជាមនុស្ស​ជោគជ័យ​ដែរ? មានកត្តាសំខាន់​មួយ​ចំនួនដែល​បែង​ចែក​មហាសេដ្ឋី​ពី​សេដ្ឋី​៖

 

១/ គោលដៅ​និង​ការប្តេជ្ញាចិត្ត

ជាដំបូងគេត្រូវពិចារដល់​គោលដៅ និង​ការប្តេជ្ញា​ចិត្ត​របស់​មហា​សេដ្ឋី។ មាន​មនុស្សតិច​នាក់​ណាស់ដែល​បាន​ក្លាយ​ជា​មហាសេដ្ឋី​ដោយ​ចៃដន្យ ប៉ុន្តែ​មហា​សេដ្ឋីភាគ​ច្រើនជាមនុស្ស​ដែល​ខិត​ខំមិនធ្វេស​ប្រហែស និង​មិន​ព្រម​ទទួល​យក​នៅ​ពេល​មិន​ទាន់​ដល់​គោល​ដៅដែល​បាន​កំណត់​ទុក។ សហគ្រិន​ដែល​ប្រឹង​ប្រែងបង្កើត​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ថ្មីមួយក្នុងរ​យៈ​ពេល​ពីរបី​ឆ្នាំ។ មិន​យូរប៉ុន្មាន​ក៏​មាន​ក្រុមហ៊ុន​ធំមួយ​មក​ទិញ​ក្រុមហ៊ុន​នោះក្នុង​តម្លៃ​ប្រហែល​១៥​លាន​ដុល្លារ។ តាម​ពិត​ក្រុមហ៊ុន Alphabet ទិញ​ក្រុម​ហ៊ុន​របៀប​នេះ​ជាច្រើន​រាល់​ឆ្នាំ។ ទោះ​ជាយ៉ាង​ណាមហាសេដ្ឋី​ដែល​បាន​កំណត់​ទិស​ដៅនិង​ការប្តេជ្ញា​ចិត្តយ៉ាង​ខ្ពស់មិន​ព្រម​សម្លឹង​មើល​លុយ​ប៉ុណ្ណេះ​ទេ គេនឹង​បន្តផ្សង​ព្រេង​ពង្រីកពាណិជ្ជកម្ម​រហូត​ដល់​កម្រិត​មួយ​ ដែល​គេ​ពេញចិត្ត។

 

២/ ទំហំ

ទំហំ​ពាណិជ្ជកម្ម​ដែល​មហា​សេដ្ឋី​ធ្វើ​ប្រតិបត្តិការ។ បើយើង​ពិចារណា​ផល​ប្រយោជន៍ជាផលិត​ផល​នៃ​ប្រសិទ្ធភាព​និង​ឥទ្ធិពល ពាណិជ្ជ​កម្ម​របស់​អ្នក​ទៅ​ដល់​ទី​តាំងកាន់​តែ​ច្រើនអ្នក​នឹង​ទទួលបានលុយ​បាន​កាន់​តែ​ច្រើន​ដែរ។ ការមាន​បណ្តាញ​ភោជ​នីយដ្ឋាននៅក្នុង​តំបន់មួយ​អាច​នឹង​ធ្វើឱ្យ​អ្នក​ក្លាយជា​សេដ្ឋីបាន ប៉ុន្តែ​​អ្នក​នឹង​ត្រូវផ្លាស់​ប្តូរពិភព​លោក​នេះ​នៅ​ក្នុង​កម្រិត​អន្តរជាតិ​ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​មហា​សេដ្ឋី។

 

៣/ ធ្វើហើយធ្វើទៀត

មហាសេដ្ឋីកម្រឈរជើង​និងរីក​ចម្រើន​បាន​យូរតាម​រយៈ​ការ​បង្កើតពាណិជ្ជ​កម្មតែ​មួយ​ណាស់។ នៅក្នុងករណី​ខ្លះគេពិសោធន៍​រឿងរ៉ាវ​បរាជ័យ​ជាច្រើននិង​អនុវត្ត​មេរៀនដែលទទួល​បាន​ពី​បរាជ័យ​ទាំង​នោះទៅក្នុង​ការប្រឹង​ប្រែង​នៅ​ក្នុង​អនាគត (មើលលោក Bill Gates ក្នុងរឿង​Traf-O-Data)។ ក្នុងករណី​ខ្លះ​ទៀតគេ​ក៏ព្រម​លក់​ក្រុមហ៊ុនក្នុងតម្លៃ​ពីរបី​លាន​ដុល្លារដើម្បី​យក​ដើម​ទុន​ទៅ​ទប់​គំនិតពាណិជ្ជកម្ម​ដែ​លធំ​ជាង​នោះ (មើលលោក Elon Musk ក្នុងករណី Zip2, Compaq និង X.com)។ មហា​សេដ្ឋី​មិនត្រឹម​តែ​សុខ​ចិត្តទេ ប៉ុន្តែ​គេ​មាន​ភាព​ស្ទុះ​ស្ទា​ក្នុង​ការ​អនុវត្ត​ដំណើរ​ការសហគ្រិន​ភាព​ជាច្រើនលើកច្រើន​សា​ដើម្បី​ទទួល​បាន​ជោគ​ជ័យ។

 

៤/ គម្រោងថវិកានិងការគ្រប់គ្រងខ្លួន

មានហេតុផលមួយដែល​មនុស្ស​ឈ្នះឆ្នោត​ជាច្រើន​នាក់រលត់​រលាយ​លុយ​អស់​ទៅ​វិញដោយ​មិន​ដឹង​ខ្លួន។ ហេតុផល​នោះ​គឺ​ទម្លាប់​ហិរញ្ញវត្ថុ​មិន​ល្អ និង​ការ​សម្រេច​ចិត្ត​ដែល​នាំទៅរក​ការ​រលត់​រលាយ ទោះ​ជាគេ​មាន​លុយច្រើន​យ៉ាង​ណា​ក៏​ដោយ។ ទម្លាប់​ហិរញ្ញវត្ថុ​ល្អ និង​ការ​សម្រេច​ចិត្ត​ហិរញ្ញវត្ថុត្រឹម​ត្រូវ​​អាច​​ធ្វើឱ្យ​​អ្នក​មាន​ស្ថិរភាព​សេដ្ឋកិច្ច​បើទោះ​ជា​មាន​ចំណូល​បន្តិច​បន្តួច​ក៏ដោយ។ មហាសេដ្ឋីនៅពេល​មាន​លុយ​ខ្ទង់​លាន​ជា​ដំបូង គេច្រើន​តែជៀស​វាង​ការ​ចាយ​វាយ​ខ្ជះ​ខ្ជាយ ហើយ​គិត​គូរ​កាន់​តែ​ច្រើនអំពី​លុយ​និងរបៀប​ប្រើប្រាស់​លុយ​ទៅ​វិនិយោគ​រក​លុយ​បន្ថែម​ទៀត។

 

៥/ មហិច្ឆតា

អ្នកមិនអាចក្លាយ​មហាសេដ្ឋី​ដោយត្រឹម​តែ​ធ្វើការ​ឱ្យរួច​ពីដៃ​ប៉ុណ្ណោះ​ទេ។ កម្រិត​នៃ​ទ្រព្យ​សម្បត្តិ​មហាសាលតម្រូវឱ្យ​អ្នក​គិត​រក​គំនិត​ថ្មីៗ​ជាប្រចាំ បត់​បែន​និង​ដុសខាត់​គំនិត​របស់​​អ្នកនៅ​ពេល​ប្រឈម​បញ្ហា ហើយ​ខិតខំ​ធ្វើការ​យ៉ាង​ច្រើនដើម្បីប្រែ​ក្លាយ​គំនិតឱ្យទៅ​ជា​សកម្មភាព​ជាក់​ស្តែង។ ទោះ​មាន​សេដ្ឋី​ជាច្រើនជា​មនុស្សដែល​មាន​មហិច្ឆតាក៏កម្រិត​នៃ​មហិច្ឆតា​របស់​សេដ្ឋី​ទាំង​នេះមាន​តិច​តួច​ណាស់ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​មហា​សេដ្ឋី។ លោក Richard Branson, Bill Gates, Jeff Bezos, និង​លោកស្រី Oprah Winfrey មហិច្ឆតាជាកត្តា​ជំរុញ​ដ៏ខ្លាំង​របស់​​មនុស្សទាំង​នេះឱ្យខិត​ខំ​កាន់​តែខ្លាំង​ថែមទៀតបន្ទាប់​ពីទទួល​បាន​ជោគ​ជ័យក្នុង​កម្រិតដំបូងៗ​ហើយ។

 

ប្រែសម្រួល​៖ វេហា

ប្រភព៖ Entrepreneur

មតិយោបល់