គំនិតនៃសុខមាលភាពរបស់បុគ្គលិកបានរីកសាយភាយ និងវិវត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយដោយមានការផ្លាស់ប្តូរឥរិយាបថ និងការរំពឹងទុករបស់បុគ្គលិក។ កម្លាំងពលកម្មសព្វថ្ងៃនិងវប្បធម៌នៃការងារឆ្ងាយពីការិយាល័យបង្ហាញឱ្យឃើញការផ្លាស់ប្តូរយ៉ាងសំខាន់ពីរបៀបដែលក្រុមហ៊ុនដោះស្រាយរឿងសុខមាលភាពរបស់បុគ្គលិក។
របាយការណ៍របត់ធនធានមនុស្សមួយកាលពីឆ្នាំ២០១៨បានបង្ហាញថា ជាង៤០ភាគរយនៃបុគ្គលិកទាំងអស់មានបញ្ហាសម្ពាធអារម្មណ៍ខ្ពស់ក្នុងកន្លែងធ្វើការហើយបញ្ហានេះមានផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងលើផលិតភាពការងាររបស់ពួកគេ។ របាយការណ៍ដដែលនេះក៏បានបញ្ជាក់បន្ថែមដែរថា ការខាតបង់ដែលបណ្តាលមកពីកង្វះផលិតភាពនោះ មានកម្រិត២,៣ដងខ្ពស់ជាងការចំណាយលើថ្នាំពេទ្យនិងការព្យាបាលទៅទៀត។
ដោយសារនិយោជក និងនិយោជិតសព្វថ្ងៃនេះបានភ្ជាប់ទំនាក់ទំនងរវាងសុខភាពនិងរបៀបបំពេញការងារ កម្មវិធីពលកម្មក៏កំពុងតែមានដំណើរផ្លាស់ប្តូរយ៉ាងខ្លាំងដែរដើម្បីជួយបុគ្គលិកឱ្យចេះថែរក្សាសុខភាពបានកាន់តែប្រសើរឡើង។ ក្នុងពេលដែលកម្លាំងពលកម្មប្រពៃណីមានទស្សនផ្សេងអំពីសុខមាលភាព បុគ្គលិកជំនាន់នេះមានការយល់ដឹងកាន់តែច្រើនពីសុខភាពនិងអនាម័យ។ បុគ្គលិកភាគច្រើនចង់ធ្វើឱ្យសុខមាលភាព របស់គេកាន់តែប្រសើរឡើងតាមរយៈការឆ្លើយតបទៅនឹងផ្នែកនីមួយៗនៃសុខភាពនិងក្នុងរបៀបដែលមានប្រសិទ្ធភាពសម្រាប់ខ្លួនគេ។
យោងតាមរបាយការណ៍របត់ធនធានមនុស្សឆ្នាំ២០១៨ដដែលបានឱ្យដឹងថា ៨៤ភាគរយនៃស្ថាប័នការងារចាត់ទុកសុខមាលភាពបុគ្គលិកជារឿងសំខាន់ ប៉ុន្តែមានតែស្ថាប័នការងារ៤៩ភាគរយទេដែលបានត្រៀមខ្លួនដើម្បីធ្វើសកម្មភាពឆ្លើយតបចំពោះសារៈសំខាន់នេះ។ ដើម្បីធ្វើបែបនេះបាន គេត្រូវការដំណោះស្រាយសម័យទំនើបគឺជាដំណោះស្រាយដែលបុគ្គលិកស្រឡាញ់ និងជាដំណោះស្រាយដែលងាយស្រួលសម្រាប់ក្រុមអ្នកគ្រប់គ្រងធនធានមនុស្ស។
តើគេត្រូវអនុវត្តដូចម្តេចខ្លះ?
១/ ធ្វើតាមរបៀបផ្ទាល់ខ្លួន
ដោយសារនិយោជកម្នាក់ៗមានរបៀបខុសគ្នា បុគ្គលិកនីមួយៗក៏មានតម្រូវការផ្សេងគ្នាដែរ។ ក្រុមហ៊ុនមិនអាចបង្កើតរបៀបទូទៅមួយដែលអាចតម្រូវតាមចំណង់ចំណូលចិត្ត និងទម្លាប់ផ្ទាល់ខ្លួនរបស់បុគ្គលិកម្នាក់ៗបានទេ។ តម្រូវការនិងចំណង់ចំណូលចិត្តអាចនឹងមានភាពខុសគ្នាអាស្រ័យលើបុគ្គលិកម្នាក់ៗ។ ខាងក្រោមនេះជាចំណុចទូទៅមួយចំនួនដែលកន្លែងការងារសព្វថ្ងៃចង់បានក្នុងវប្បធម៌ការងារបស់គេ៖
-ផ្តល់ជំនួយដំណោះស្រាយនៅគ្រប់ពេលនិងគ្រប់កន្លែងដែលមានតម្រូវការ
-គំនិតផ្តួចផ្តើមនិងរបៀបលើកទឹកចិត្តដែលបណ្តុះចំណង់ចំណូលចិត្តនិងការចូលរួម
-ឧបករណ៍បច្ចេកវិទ្យាដែលងាយស្រួលប្រើប្រាស់ដែលផ្តល់ជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់ម្នាក់ៗ
២/ សហគមន៍
សកម្មភាពនៃការចូលរួមជាសហគមន៍តែងតែរុញច្រានភាពស្វាហាប់ និងភ្ជាប់ទំនាក់ទំនងក្នុងចំណោមបុគ្គលិក និងនិយោជក។ ត្រង់នេះជាតួនាទីរបស់ផ្នែកធនធានមនុស្សនៅក្នុងស្ថាប័នការងារ។ សកម្មភាពបន្ថែមទាំងនៅតាមអ៊ីនធឺណិត និងក្រៅពីអ៊ីនធឺណិតដើម្បីភ្ជាប់ទំនាក់ទំនងអាចជួយស្ថាប័នការងារឱ្យបង្កើតទំនាក់ទំនងយ៉ាងរឹងមាំបាន។ ហេតុដូច្នេះហើយគេអាចបង្កើតសហគមន៍មួយដែលមានការចូលរួមពីបុគ្គលិកច្រើន។ សព្វថ្ងៃនេះបុគ្គលិកកាន់តែច្រើនប្រើប្រាស់បណ្តាញសង្គមដើម្បីរក្សាទំនាក់ទំនងផ្ទាល់ខ្លួនជាមួយគ្នា និងចែករំលែកព័ត៌មានយ៉ាងរហ័សទាន់ចិត្ត។ ផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនគួរតែប្រើប្រាស់ការចូលរួមរបៀបនេះឱ្យក្លាយជាប្រយោជន៍ច្រើនបំផុតសម្រាប់ក្រុមហ៊ុន៕
ប្រែសម្រួល៖ វេហា
ប្រភព៖ Entrepreneur